ឯកឧត្តម អ៊ូច ភា ចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានឃុំសំបួរ ស្រុកទ្រាំង ជាមួយលោកមេឃុំ មេភូមិ យុវជនភូមិ-ឃុំ ស្មៀនឃុំ សរុបចំនួន ៩២នាក់

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានឃុំសំបួរ ស្រុកទ្រាំង ជាមួយ លោកមេឃុំ មេភូមិ យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ សរុបចំនួន ៩២នាក់។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបញ្ហាប្រឈមនានាដែលលើកឡើងដោយលោកមេឃុំសំបួរ ស្រុកទ្រាំងរួចមក ឯកឧត្តម អ៊ូច ភា ក៏បានចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំ ក៏ដូចជាក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានភូមិឃុំ ដូចជា៖
-ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់។
-ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួនឱ្យបានល្អក្លាយជាភូមិឃុំមានសុវត្ថិភាព។
-ខិតខំយកចិត្តទុកដាក់ដោះស្រាយសម្របសម្រួលបញ្ហាវិវាទ ក្រៅប្រព័ន្ធតុលាការ។
-យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ក៏ដូចជាការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ អោយបានលឿន និងឆាប់រហ័ស ពិសេសត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ។
-ឪពុកម្តាយឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេណនាថ្ងៃអនាគត់ ៕
