កូរ៉េ៖ កម្ពុជា ទទួលជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម ជាកិត្តិសព្ទថ្មីមួយទៀតលើឆាកអន្តរជាតិ ក្នុងវិស័យកីឡា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះរហូតទទួលបានជោគជ័យ និងជាកិត្តិសព្ទថ្មីមួយទៀតលើឆាកអន្តរជាតិ ក្នុងវិស័យកីឡា។
ក្នុងជនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣១ ឧសភា ឯកឧត្តមបណ្ឌិត PARK Jung-Wook បានធ្វើការស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ក្នុងការបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិនេះ ឯកឧត្តមបានបង្ហាញសុច្ឆនៈយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជំរុញ និងពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម បន្ទាប់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលនឹងធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន។
ឯកឧត្ដមទូតបញ្ជាក់ថា «ដោយឡែក ក្នុងកាលៈទេសៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានរៀបចំការប្រកួតកីឡាស៊ីហ្គេម និងកំពុងបន្តរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះរហូតទទួលបានជោគជ័យ និងជាកិត្តិសព្ទថ្មីមួយទៀតលើឆាកអន្តរជាតិ ក្នុងវិស័យកីឡា» ៕
