បណ្ឌិត ហ៊ុន ម៉ាណែត៖ សមិទ្ធផលទាំងនេះ កើតចេញពីកម្លាំងសទ្ធាជ្រះថ្លា ក្រោមបរិយាកាសសុខសន្តិភាព និងការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ ដូចពេលបច្ចុប្បន្ន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះកើតចេញពីកម្លាំងសទ្ធាជ្រះថ្លា និងការរួបរួមសាមគ្គី ក្នុងថែរក្សាប្រពៃណីទំនៀមទម្លាប់សាសនា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាព សេរីភាព និងការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ ដូចពេលបច្ចុប្បន្ន។
មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើន ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ដែលជាទីអារាមដ៏ចំណាស់ជាមួយនឹងអាយុកាលប្រមាណ ៥០០ ឆ្នាំ ដោយឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងរបត់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា រាប់ទាំងដំណាក់កាលនៃសង្គ្រាមរាំងជល និងការបំផ្លិចបំផ្លាញក្នុងរបបប៉ុលពត ហើយរហូតមកដល់សព្វថ្ងៃមានការអភិវឌ្ឍរីកចម្រើនប្រែមុខប្រែមាត់ក្លាយជាទីអារាមគួរទីមនោរម្យសម្រាប់ការបដិបត្តិធម៌របស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី ៕
