ឯកឧត្ដម ហ៊ុន ម៉ាណែត គោរពថ្លែងអំណរគុណ សម្តេចតេជោ ចំពោះការជួយជ្រោមជ្រែង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និង ការពង្រីកការបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការជួយជ្រោមជ្រែង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និង ការពង្រីកការបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ធនធានមនុស្សកម្ពុជាឱ្យកាន់តែប្រសើរទ្បើងថែមទៀត។
ឯកឧត្ដមបណ្ឌិតមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់» និង «ពិធីប្រគល់សញ្ញាបត្រជូននិស្សិត» នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្ដម ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាសជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់», ដែលជាអគារប្រកបដោយផាសុកភាព, បំពាក់ដោយបរិក្ខារសិក្សាទំនើបទាន់សម័យ និង ស្របតាមស្ដង់ដារ សម្រាប់ជាជំនួយដ៏សំខាន់ដល់ការសិក្សានិង អនុវត្តជាក់ស្ដែងរបស់សិស្ស-និស្សិត ជាមួយក្តីសង្ឃឹមយ៉ាងមុតមាំថា វិទ្យាស្ថានបានត្រៀមខ្លួនរួចស្រេច ដើម្បីក្លាយជាគ្រឹះស្ថានដ៏ឈានមុខមួយ ព្រមទាំងជួយជំរុញឱ្យវិស័យអប់រំ និង បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ របស់កម្ពុជា កាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ ទៀតផង។
ទន្ទឹមនិងនោះ ជាទស្សនផ្ទាល់ខ្លួនឯកឧត្ដម ហ៊ុន ម៉ាណែតបានបញ្ជាក់ថា ចំពោះវិស័យការងារ និង ជំនាញវិជ្ជាជីវៈ គឺថា រដ្ឋាភិបាលមានភារកិច្ចក្នុងការពង្រីកឱកាសការងារឱ្យបានច្រើនលើគ្រប់វិស័យតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយផ្តល់ជូនពលរដ្ឋគ្រប់រូបនូវសិទ្ធិស្របច្បាប់ និងឱកាសក្នុងការជ្រើសរើសជំនាញ និង មុខវិជ្ជារៀនសូត្រទាំងក្នុងសាលា និងផ្ទាល់ខ្លួន ព្រមទាំងធានាសិទ្ធិ ក្នុងការប្រកបរបរតាមចំណង់ចំណូលចិត្តរបស់ខ្លួន។
ឯកឧត្ដមបន្តថា រីឯប្រជាពលរដ្ឋវិញ មានសិទ្ធិជ្រើសរើសនូវមុខវិជ្ជា និងជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីធ្វើការរៀនសូត្រ ដោយពុំបារម្ភអំពីទីផ្សារការងារ ឬ អាចប្តូរជំនាញ ឱ្យស្របតាមតម្រូវការនៃទីផ្សារការងារដែលមានស្រាប់ ឬ ខិតខំបង្កើតឱកាសទីផ្សារថ្មីសម្រាប់ជំនាញ និង ផលិតផលដែលគាត់បង្កើតបាន។
ឯកឧត្ដម ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ក្នុងន័យនេះ រាជរដ្ឋាភិបាល នឹងបន្តបើកចំហសិទ្ធិក្នុងការប្រកបរបររបស់ប្រជាពលរដ្ឋ ព្រមជាមួយគ្នាធ្វើការប្រឹងប្រែងយកអស់គ្រប់លទ្ធភាពក្នុងការបង្កើតឱកាសការងារបន្ថែមទៀត ជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ៕

