ឯកឧត្តម ហ៊ុន ម៉ាណែត ថ្វាយនូវអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ ដែលទ្រង់សព្វព្រះហឫទ័យដំទ្បើងឋានរន្តសកិ្តជា នាយឧត្តមសេនីយ៍

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមលំឱនកាយក្រាបថ្វាយបង្គំ និងថ្វាយនូវអំណរព្រះរាជគុណចំពោះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះហឫទ័យដំទ្បើងឋានរន្តសកិ្តជា នាយឧត្តមសេនីយ៍។
ឯកឧត្តមលើឡើងនូវអំណរព្រះរាជគុណបែបនេះ ក្នុងឳកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា នៅក្នុងស្រុកកោះអណ្តែត ខេត្តតាកែវនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “សូមលំឱនកាយក្រាបថ្វាយបង្គំ និងថ្វាយនូវអំណរព្រះរាជគុណចំពោះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះហឫទ័យដំទ្បើងឋានរន្តសកិ្តទូលព្រះបង្គំជាខ្ញុំជា នាយឧត្តមសេនីយ៍ និងសូមគោរពអរគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ចំពោះការផ្តល់នូវទំនុកចិត្ត និងឱកាសដល់រូបខ្ញុំ ក្នុងការបន្តចូលរួមដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទតទៅមុខទៀតក្រោមបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ”។
សូមរំលឹកថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ដល់បណ្ឌិត ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕
