អង្គការ CAMSAFE និងកាកបាទក្រហមកម្ពុជា ផ្តល់សុជីវធម៌ដល់គ្រូបង្គោល ដើម្បីទប់ស្កាត់ការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង

ភ្នំពេញ៖ អង្គការខេមសេហ្វការ CAMSAFE និងកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ រួមគ្នា ផ្តលវគ្គបណ្ដុះបណ្ដាលជូនគ្រូបង្គោល២៥រូប ស្តីអំពីសុជីវធម៌ផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដល់លោកគ្រូអ្នកគ្រូនៅសាកវិទ្យាល័យភ្នំពេញអន្តរជាតិ សម្រាប់ជាប្រយោជន៏ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ក្រោមឥទ្ធិពលគ្រឿងស្រវឹង ។
លោក គង់ សុវណ្ណ ជាស្ថាបនិកអង្គការ ទ្រទ្រង់សុវត្ថិភាពកម្ពុជា CAMSAFE បានលើកឡើងថា ការផ្តល់ចំណេះដឹងជូនគ្រូបង្គោលទាំងនេះ ក្នុងគោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល ដើម្បីផ្ដល់ចំណេះដឹងឱ្យបានទូលំទូលាយ ពិសេសផ្តោតសំខាន់អំពីផលប៉ះពាល់និងគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបានបង្ករឡើងដោយសារការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដល់អ្នកដែលបានចូលរួម។ សំខាន់ឱ្យលោកគ្រូអ្នកគ្រូនឹងយកចំណេះដឹងដែលទទួលបាននេះ ទៅផ្សព្វផ្សាយបន្ដដល់សិស្ស និស្សិតនៅតាមវិទ្យាល័យ សកលវិទ្យាល័យរៀងៗខ្លួន និងក្រុមហ៊ុន រោងចក្រ នាពេលក្រោយមកបានយល់។
អ្នកស្រី Evelyn Avalos តំណាងអង្គការ UNITAR បានសំដែងនូវក្ដីរីករាយដោយសារបានឃើញកិច្ចសហការដ៏ល្អរបស់ដៃគូ រួមការងារផ្នែកសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវឱ្យមានសណ្តាប់ធ្នាប់ប្រសើរជាងបច្ចុប្បន្ន។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា បើទោះបីនៅក្នុងរបាយការណ៍ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្ហាញថា គ្រោះថ្នាក់បណ្ដាលមកពីការ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឈរនៅលំដាប់លេខរៀងទី៤ឬទី៥មែន ប៉ុន្ដែគួរកត់សំគាល់ថាក្រោយពេល ដែលមានគ្រោះថ្នាក់កើតឡើង ជនរងគ្រោះសន្លប់ឬស្លាប់នោះ គេពិបាកក្នុងការកំណត់អំពីមូលហេតុបង្ករថា ជននោះបានបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងណាស់។ មួយវិញទៀត ការបើកបរហួសល្បឿនកំណត់បានឈរនៅលំដាប់ទី១ នៃមូលហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្ដែនៅពីក្រោយមូលហេតុនេះ គេក៏អាចមានជាប់ពាក់ព័ន្ធដល់ មូលហេតុបូកផ្សំគឺការបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងផង។ មិនខុសពីការបើកបរវ៉ាជែង ឬបើកបរបញ្ច្រាសទឹសចរាចរណ៍ ក៏អាចមានមូលហេតុពីក្រោយគឺ ការបើកបរក្រោមឥទ្ធិលនៃគ្រឿងស្រវឹងដូចគ្នា។
លោក ជំទាវ ក៏បានរំពឹង និងផ្ដែផ្ដាំដល់សិក្ខាកាមជាគ្រូបង្គោលទាំងអស់គ្នាថា ក្រោយពីបានបញ្ចប់វគ្គនេះរួច សូមយកចំណេះដឹងដែលទទួលបានទៅបង្រៀនបន្ដដល់ទៅសិស្ស មិត្តភក្ដិ បុគ្គលិក កម្មករឲ្យយល់ដឹងច្រើន។ ក្នុងស្មារតីជាគ្រូបង្គោល ត្រូវឧស្សាហ៍រំលឹកពួកគេឲ្យបានញឹកញាប់អំពីការរក្សាសុវត្ថិភាពចរាចរណ៍ ពីគ្រោះថ្នាក់បណ្ដាលពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។
លោកជំទាវ ក៏បានស្នើសុំឲ្យមានការគាំទ្រ ជួយដល់គ្រូបង្គោលក្នុងការ បណ្ដុះបណ្ដាលបន្ដទៀត ដើម្បីឲ្យដំណើរការនេះអាចបន្ដបានវែងឆ្ងាយតទៅមុខ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្តីអំពីសុជីវធម៌ផ្ទាល់ខ្លួនធ្វើ នៅរាជធានីភ្នំពេញកាលពីម្សិលមិញថ្ងៃទី២ មីនា ឆ្នាំ២០២៣ ដែលមានគ្រួបង្គោលចំនួន ២៥នាក់តំណាងឱ្យ ២៥រាជធានី-ខេត្ត ៕
