សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រុមប្រឆាំង គោរពសិទ្ធិពលរដ្ឋ ក្នុងការធ្វើនយោបាយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យក្រុមអ្នកនយោបាយប្រឆាំង គោរពសិទ្ធិប្រជាពលរដ្ឋក្នុងការធ្វើនយោបាយ ។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមេដឹកនាំក្រុមប្រឆាំង និងបក្ខពួករបស់ខ្លួន បានបើកយុទ្ធនាការវាយប្រហារតាមបណ្តាញសង្គម និងបណ្តាសារព័ត៌មានទៅលើក្រុមយុវជនចំនួន៨ ដែលបានផ្លាស់ប្តូរជំហរមកគាំទ្រដល់នយោបាយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាគណបក្សនយោបាយនៅកម្ពុជា ឱ្យមានការគោរពសិទ្ធិប្រជាពលរដ្ឋក្នុងការធ្វើនយោបាយ។ សម្តេចបានបញ្ជាក់ថា មួយរយៈនេះ ក្រុមយុវជនដែលធ្លាប់ប្រឆាំងរដ្ឋាភិបាល លើបញ្ហានានា បាននាំគ្នាមកចូលរួមគាំទ្រគណបក្សប្រជាជន និងរាជរដ្ឋាភិបាល ក្នុងការធ្វើសកម្មភាព ប៉ុន្តែពួកគេ ត្រូវបានទទួលការប្រមាថពីគណបក្សមួយចំនួន និងបុគ្គលមួយចំនួន។
ថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា «អស់លោកអ្នក មិនបានគោរពទៅដល់សេរីភាពខាងនយោបាយរបស់យុវជនទាំងនេះទេ ពួកគេបានដឹងច្បាស់ ថាគេគាំទ្របក្សប្រឆាំង គឺអត់បានការណ៍ ក្នុងពេលកន្លងទៅ»។
សម្តេចតេជោ បានអះអាងថា ក្នុងពេលទទួលជួបជាមួយក្រុមយុវជនទាំងនេះ នាពេលកន្លងទៅ សម្តេចបានស្តាប់យ៉ាងយកចិត្តទុកដាក់អំពីអ្វីដែលជាកង្វល់ និងបំណងប្រាថ្នារបស់ពួកគេ។ សម្តេចតេជោ បានបង្ហើបថា យុវជនខ្លះបានសារភាពថា ខ្លួនបានធ្លាក់ទៅក្នុងការអូសទាញរហូតដល់អាមេរិក ហើយត្រូវបានបណ្តុះបណ្តាលអំពីរបៀបធ្វើបដិវត្តពណ៌នៅអាមេរិក។ ប៉ុន្តែដោយរូបគេមើលឃើញថា ស្ថានភាពគណបក្សប្រឆាំងពេលនេះ មិនអាចជួយពួកគេឱ្យធ្វើសកម្មភាពស្របតាមឆន្ទៈបាននោះទេ អញ្ចឹងវិធីតែមួយគត់របស់ពួកគេ គឺចូលរួមគាំទ្ររាជរដ្ឋាភិបាល ហើយបន្តសកម្មភាពជួយដល់បរិស្ថាន និងសង្គម។
សម្ដេចតេចជោ បន្ថែមថា «ប៉ុន្តែអ្វីដែលជាបំណងប្រាថ្នា និងសេរីភាពនៃការជ្រើសរើសរបស់ពួកគេ ត្រូវបានទទួលការប្រមាថពីគណបក្សនយោបាយខ្លះថា គេលក់ឧត្តមគតិ។ អញ្ចឹងចំណុចនេះ ខ្ញុំគ្រាន់តែជម្រាបទៅអស់លោកអ្នក ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែមិនបានគោរពប្រជាធិបតេយ្យពិតប្រាកដទេ»។
សម្តេចបានបន្តថា «ទាល់តែមនុស្សគាំទ្រអ្នកឯង ទើបអ្នកឯងចាត់ទុកថាជាមនុស្សល្អ ប៉ុន្តែឱ្យតែមកគាំទ្ររាជរដ្ឋាភិបាល គឺសុទ្ធតែជាមនុស្សលក់ឧត្តមគតិ ហើយធ្ងន់ធ្ងរជាងនេះគឺប្រមាថថា អ្នកទាំងនេះជាកញ្ចះបរទេស ក្នុងពេលដែលខ្លួនស៊ីលុយបរទេស ដើម្បីប្រឆាំងខ្មែរ ឬក៏ឈរជើងនៅបរទេសដើម្បីប្រឆាំងខ្មែរទៅទៀត»។
សម្តេចតេជោបានព្រមានក្រុមប្រឆាំង ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការធ្វើបាតុកម្មរបស់ក្រុមយុវជនតបតចំពោះការវាយប្រហារ និងប្រមាថលើពួកគេ។ ទោះជាយ៉ាងនេះក្តី សម្តេចក៏បានស្នើក្រុមយុវជន កុំមានប្រតិកម្មបែបហិង្សាណាមួយចំពោះមេដឹកនាំក្រុមប្រឆាំងឡើយ ដោយត្រឹមតែធ្វើសេចក្តីថ្លែងការណ៍ ពន្យល់ទៅទៅគ្រប់គ្រាន់ហើយ។
សម្តេចតេជោ ហ៊ុន សែន រំលឹកថា តាំងពីដើមមកមនុស្សដែលចាកចេញពីគណបក្សប្រជាជនកម្ពុជា គឺសម្តេចតែងតែគោរពដល់ការសម្រេចចិត្តរបស់ពួកគេ ក្នុងនោះក៏មាន៣នាក់ផងដែរ ដែលមានលោក គង់ គាំ, លោក ភី ថាច (ចេញហើយចូលវិញ) និង លោក សាម ស៊ុនដឿន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចអះអាងថា អ្នកដែលចេញពីគណបក្សប្រជាជនកម្ពុជា ទៅចូលរួមជាមួយបក្សនយោបាយផ្សេង មិនសូវជាមានអនាគតល្អនោះទេ ៕
