ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!

ភ្នំពេញ៖ ក្នុងខែឧសភា ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹង សរុប៩៣បណ្ដឹង ក្នុងនោះមានបណ្តឹងស្ទួន១៥បណ្ដឹង និងបណ្តឹងគ្មានប្រភព៨បណ្ដឹង។ បើធៀបនឹងខែមេសា បណ្ដឹងសរុបបានថយចុះ ២បណ្ដឹង ស្មើនឹង២%។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋានផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ បណ្តឹងទាំងនោះរួមមាន បណ្តឹងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរាជការ ប្រជាពលរដ្ឋជាមួយអង្គភាព និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីរាជការ។ ចំនួននេះ បើគិតទាំងបណ្តឹងនៅសល់ផងនោះ អគ្គាធិការដ្ឋាន មានពាក្យបណ្ដឹងសរុបចំនួន ២៥៧បណ្ដឹង។
បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន៥៦របាយការណ៍។ ធៀបនឹងខែមេសា របាយការណ៍បំភ្លឺសរុបកើនឡើង ២៤របាយការណ៍ និងរបាយការណ៍បំភ្លឺកំពុងចាត់ការ មាន៧៤របាយការណ៍។
អគ្គាធិការដ្ឋានក៏បានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីចាត់ចែងពាក្យបណ្ដឹង ៥២បណ្ដឹង និងរបាយការណ៍បំភ្លឺ ៣៥របាយការណ៍ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានបានដោះស្រាយបណ្ដឹង៧៧បណ្ដឹង។
ឯកឧត្តម អគ្គាធិការ បានបញ្ជាក់ថា ក្នុងចំណោមពាក្យបណ្ដឹងសរុប ២៥៧បណ្ដឹង អគ្គាធិការដ្ឋាន សម្រេចដោះស្រាយបណ្ដឹងបាន៥០% ដែលចំនួននេះ ថយចុះ២០% បើធៀបនឹងលទ្ធផលដោះស្រាយក្នុងខែមេសាកន្លងទៅ។ ចំណែក ពាក្យបណ្ដឹងនៅសេសសល់១៨០បណ្ដឹងទៀត អគ្គាធិការដ្ឋានកំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត៕
