ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស

ញូវដែលី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឥណ្ឌាបានរឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស ដោយតម្រូវឱ្យពួកគេបញ្ជាក់ អំពីរបៀបដែលមូលនិធិនឹងត្រូវបានប្រើប្រាស់ ទីតាំងដែលពួកគេនឹងប្រតិបត្តិការ ក៏ដូចជាគោរពតាមតម្រូវការរាយការណ៍យ៉ាងតឹងរ៉ឹង។
រដ្ឋាភិបាលឥណ្ឌា បានចេញច្បាប់ធ្វើវិសោធនកម្ម ចំពោះច្បាប់វិភាគទានបរទេស (បទប្បញ្ញត្តិ) ហៅកាត់ FCRA ក្នុងសប្តាហ៍នេះ។
ក្រុមដែលដាក់ពាក្យសុំចុះឈ្មោះ FCRA ឥឡូវនេះ ត្រូវតែបញ្ជាក់ពីសកម្មភាពរបស់ពួកគេ តាមលិខិតដែលបានអនុម័ត។ ទាំងនោះរួមមាន ការអប់រំ សុខភាព វប្បធម៌ សាសនា ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ហើយប្រកាសទីតាំងសម្រាប់ធ្វើការ។ ពួកគេក៏នឹងត្រូវបញ្ចេញព័ត៌មានលម្អិតបន្ថែម នៅលើគេហទំព័រ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ៕

