រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា

ម៉ូស្គូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គី ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងនៅថ្ងៃពុធថា ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា បន្ទាប់ពីប្រធានាធិបតីបារាំងបានអះអាងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូល G7 ថ្មីៗនេះ។
នៅក្នុងកិច្ចប្រជុំ G7 នៅប្រទេសបារាំង ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអះអាងថា លោក ត្រាំ បានទទួលស្គាល់ក្នុងកំឡុងពេលពិភាក្សាថា រុស្ស៊ីមិនចង់បានសន្តិភាពនៅអ៊ុយក្រែននោះទេ ដែលការណ៍នេះបង្ហាញពី «ការផ្លាស់ប្តូរវិធីសាស្រ្តពិតប្រាកដ» ពីសំណាក់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ លោក ត្រាំ ផ្ទាល់ ក៏បានជំរុញឱ្យរុស្ស៊ីយល់ព្រមបង្កើតសន្តិភាពជាមួយអ៊ុយក្រែន បន្ទាប់ពីលោកមានជំនួបដ៏ «ល្អប្រសើរ» ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ផងដែរ។
លោក ឡាវរ៉ូវ បានបញ្ជាក់ថា អាមេរិកមិនទាន់បានប្រាប់រុស្ស៊ីឱ្យបានច្បាស់លាស់នៅឡើយទេ អំពីលទ្ធផលនៃកិច្ចប្រជុំ G7 និងគោលនយោបាយបន្តបន្ទាប់របស់ខ្លួន។
លោកបានបន្ថែមថា លោក ម៉ាក្រុង បានអះអាងថា កិច្ចព្រមព្រៀងមិនផ្លូវការរវាងលោក ត្រាំ និងលោក ពូទីន កាលពីឆ្នាំមុនក្នុងរដ្ឋអាឡាស្កាត្រូវ បាន «លុបចោល» ហើយ។
គួររំលឹកថា ក្រុមមន្ត្រីរុស្ស៊ីតែងតែហៅកិច្ចព្រមព្រៀងមិនផ្លូវការនោះថាជា «ស្មារតីនៃទីក្រុង Anchorage» ដែលទីក្រុងមូស្គូចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងមួយ ដែលតម្រូវឱ្យអ៊ុយក្រែនដកកងទ័ពចេញពីតំបន់ Donbas ភាគខាងកើតដែលនៅសេសសល់ ជាថ្នូរនឹងការដែលរុស្ស៊ីយល់ព្រមរក្សាខ្សែបន្ទាត់ប្រយុទ្ធនៅតំបន់ផ្សេងឱ្យនៅស្ងៀម។ ប៉ុន្តែ ទីក្រុងកៀវតែងតែប្រកាសដាច់អហង្ការថា ខ្លួននឹងមិនប្រគល់ទឹកដីណាមួយឱ្យរុស្ស៊ី ដោយមិនបានតស៊ូប្រយុទ្ធនោះឡើយ៕

