កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលបានជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ហើយត្រូវទីក្រុងកៀវចាប់ខ្លួនបាន ប្រសិនបើពួកគេជ្រើសរើស ចង់មកចាប់ផ្តើមកសាងជីវិតថ្មីនៅកូរ៉េខាងត្បូង។
យោងតាមសេចក្តីប្រកាសខាងលើធ្វើឡើង ស្របពេលដែលអ៊ុយក្រែន កំពុងបន្តឃុំឃាំងទាហានកូរ៉េខាងជើងយ៉ាងហោច២នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែន កាលពីអំឡុងដើមឆ្នាំ២០២៥ បន្ទាប់ពីពួកគេត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី ដើម្បីជួយកងទ័ពរុស្ស៉ី ប្រយុទ្ធជាមួយអ៊ុយក្រែន។ កន្លងមក ទាហានទាំង២នាក់នោះ ធ្លាប់បង្ហាញចេតនាចង់ចុះចូលជាមួយកូរ៉េខាងត្បូង ជាជាងវិលត្រឡប់ទៅកូរ៉េខាងជើងវិញ។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានបន្ថែមថា ខ្លួនជំទាស់ការបញ្ជូនឈ្លើយសឹកដោយបង្ខំទៅកាន់ប្រទេសរុស្ស៉ី ឬកូរ៉េខាងជើង ហើយខ្លួនបានបញ្ជាក់ពីគោលជំហរនេះរួចហើយ ទៅកាន់អាជ្ញាធរនៅអ៊ុយក្រែន។ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងនិងអ៊ុយក្រែន ត្រូវបានកំណត់ថា នឹងបើកកិច្ចពិភាក្សាជាមួយគ្នា នៅថ្ងៃទី៣០ ខែមិថុនា។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពខ្លួនប្រហែល១៤ ០០០នាក់ ទៅ១៥ ០០០នាក់ ទៅកាន់តំបន់ Kursk កាលពីចុងឆ្នាំ២០២៤ ហើយបើតាមការប៉ាន់ស្មានរបស់ចារកម្មកូរ៉េខាងត្បូង ប្រហែល៦០០០នាក់ បានស្លាប់ឬរងរបួស គិតត្រឹមដើមឆ្នាំ២០២៦៕

