សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ

បន្ទាយមានជ័យ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់ថ្ឋាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្រុក-ក្រុង និងសាខាឃុំ-សង្កាត់ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការនៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាប្រារព្ធធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
មានរបាយការណ៍សង្ខេប ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានបញ្ជាក់ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ កិត្តិសង្គហបណ្ឌិតគន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ អ.ន.ក។ បន្ទាប់មកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុង-ស្រុក ក៏ត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្ដម បន្តថា អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន កំពុងគ្រប់គ្រងបច្ចុប្បន្ន សរុបចំនួន ៦.៧៥៧ នាក់ អ្នកនៅក្នុងបន្ទុកចំនួន ៨.៥៧៤នាក់ ក្នុងនោះ គ្រួសារជនពលី ចំនួន ១.២៧០ នាក់, គ្រួសារជនមរណ:ចំនួន ៦៧០នាក់, និវត្តជនចំនួន២.៦៧២នាក់, ជនបាត់បង់ចំនួន៣៨ នាក់, ជនពិការចំនួន២.១០៧នាក់។ បានចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជន មានចំនួន ៥.៥៥២ នាក់ ក្នុងនោះ ៖ គ្រួសារជនពលីចំនួន ៧០៤គ្រួសារ, គ្រួសារជនមរណៈចំនួន ១៣៣គ្រួសារ, និវត្តជន ចំនួន ២.៥៩៩នាក់, ជនបាត់បង់សមត្ថភាព ចំនួន៣៨នាក់, ជនពិការ ចំនួន ២.០៧៨នាក់។ មួយវិញទៀតអតីតមន្រ្តីរាជការស៊ីវិលកំពុងគ្រប់គ្រងបច្ចុប្បន្ន សរុបចំនួន ២.២០៨ នាក់ក្នុងនោះ ៖ និវត្តជន ចំនួន ១.៧៤៦ នាក់, ជនបាត់បង់សមត្ថភាព ចំនួន ១៩នាក់, អ្នកនៅក្នុងបន្ទុកចំនួន ៤៤៣នាក់។
នាឱកាសនេះ ឯកឧត្តម អ៊ុក ឃ្នួច មានប្រសាសន៍ថា ដោយសារតែមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី ក៏ដូចជាក្រុមការងារលេខាធិការដ្ឋាននៅ តាមថ្នាក់នីមួយៗមានការកែសម្រួលជាថ្មី និងស្របពេលដែលសមាគមពង្រីកវិសាលភាពនៃការងារ បញ្ចូលនិវត្តជនតាមក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាពជុំវិញខេត្តចូលជាសមាជិកភាពសមាគម ទើបថ្នាក់ដឹកនាំសមាគម ចាត់តាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញរបស់ អ.ន.ក.ថ្នាក់កណ្ដាល ចុះមកធ្វើការបណ្តុះបណ្ដាល និងពង្រឹងសមត្ថភាពការងារ សមាគមក្នុងបរិបថ និងរចនាសម្ព័ន្ធថ្មី ជាពិសេសគឺបណ្តុះបណ្តាលបំពាក់បំប៉នការងារដ្ឋបាល(ពាក់ព័ន្ធ ការបញ្ចូលសមាជិកសមាគម) និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. សំដៅធ្វើយ៉ាងណាឲ្យថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាន អ.ន.ក.គ្រប់ថ្នាក់របស់ខេត្តបានយល់ជ្រួតជ្រាប និងកាន់តែស៊ីជំរៅ ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ឯកឧត្តម អ៊ុក ឃ្នួច មានប្រសាសន៍ទៀតថា កាលពីមុន អ.ន.ក.តាមថ្នាក់នីមួយៗគឺគ្រប់គ្រងសមាជិកសមាគមតែលើអតីតយុទ្ធជន និងគ្រួសារប៉ុណ្ណោះ ប៉ុន្តែចាប់ពីពេលនេះតទៅ គឺយើងត្រូវគ្រប់គ្រង ស្ថិតិ បញ្ជីឈ្មោះ ក៏ដូចជាការចុះជួបដោយផ្ទាល់ដល់គេហដ្ឋានរបស់សមាជិកសមាគមមានទាំងអតីតយុទ្ធជន និងនិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលផងដែរ។ ក្នុងន័យនេះដើម្បីងាយស្រួលក្នុងការ អនុវត្តការងារ ងាយស្រួលក្នុងការគ្រប់គ្រងសមាជិក ក៏ដូចជាការដឹងសុខទុក្ខរបស់សមាជិកនៅថ្នាក់ របស់ខ្លួនឱ្យកាន់តែល្អប្រសើរ គណៈអចិន្ត្រៃយ៍ អ.ន.ក. សូមធ្វើណែនាំដល់គណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ទាំងអស់ត្រូវចុះធ្វើស្រង់ទិន្នន័យសមាជិកសមាគម ទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីចងក្រងធ្វើជាសៀវភៅសម្រាប់តម្កល់នៅថ្នាក់ឃុំចំនួន ១ក្បាល, ថ្នាក់ក្រុង ស្រុកចំនួន១ក្បាល, ថ្នាក់ខេត្តចំនួន ១ក្បាល និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ចំនួន ១ក្បាល ដើម្បីងាយស្រួលទំនាក់ទំនងជាមួយសមាជិក។
ជាចុងក្រោយ ឯកឧត្តម អ៊ុក ឃ្នួច សូមស្នើឱ្យថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក.គ្រប់ថ្នាក់ទាំងអស់ត្រូវខិតខំត្រងត្រាប់ស្តាប់ការធ្វើបទបង្ហាញ និងលើកពីបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងការអនុវត្តការងារសមាគមកន្លងមក ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗពីគ្រូឧទ្ទេសបន្ថែមទៀត ដើម្បីអនុវត្តការងារសមាគមកាន់តែល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕

