អតីតសហស្ថាបនិកចលនាមាតាធម្មជាតិ អំពាវនាវឱ្យសកម្មជន និងក្រុមយុវជនដែលស្រឡាញ់បរិស្ថាន និងធម្មជាតិ ចូលរួមធ្វើសកម្មភាពជាមួយអង្គការ “មាតាធម្មជាតិ”

ភ្នំពេញ៖ អតីតសហស្ថាបនិកចលនាមាតាធម្មជាតិជាមួយអេឡិច (ជនជាតិអេស្បាញ) និងជាបុគ្គលិកវិទ្យុអាស៊ីសេរីដែរនោះលោក ម៉េង ហេង បានសម្រេចបង្កើត អង្គការមាតាធម្មជាតិ ដោយបានចេញសេចក្តីប្រកាសអំពាវនាវឱ្យសកម្មជន និងក្រុមយុវជនដែលស្រឡាញ់បរិស្ថាន និងធម្មជាតិ ចូលរួមធ្វើសកម្មភាពជាមួយ អង្គការមាតាធម្មជាតិ។
យោងតាមរយៈលិខិតអំពាវនាវ លោក ម៉េង ហេង បានឲ្យដឹងថា “ខ្ញុំបាទសូមអំពាវនាវ ដល់សមាជិកយុវជនចលនាមាតាធម្មជាតិ ជាក្រុមខុសច្បាប់របស់លោក អេឡិច មួយចំនួន ក្រោមលេសការពារបរិស្ថាន ដើម្បីចង់បង្កើតបដិវត្តន៍ពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងបង្ខូចឈ្មោះរាជរដ្ឋាភិបាលក៏ដូចជាឱ្យកម្ពុជាអាប់ឱនកិត្តិយស។ សូមសកម្មជន និងក្រុមយុវជនដែលស្រឡាញ់បរិស្ថាននិងធម្មជាតិ មេត្តាចូលរួមសកម្មភាពជាមួយ អង្គការមាតាធម្មជាតិ របស់ខ្ញុំ ម៉េង ហេង វិញ ក្នុងការរួមចំណែក យ៉ាងពិតប្រាកដ ដើម្បីរក្សាការពារសុខសន្តិភាព វឌ្ឍនភាព និងអធិបតេយ្យភាព ក្រោមការដឹងនាំរបស់ប្រមុខរដ្ឋាភិបាលបច្ចុប្បន្ននិងទៅថ្ងៃអនាគតដ៏រុងរឿង”។
លោក ម៉េង ហេង ដែលធ្លាប់ចូលរួមយ៉ាងសកម្មជាមួយចលនាមាតាធម្មជាតិ ធ្វើសកម្មភាពទៅលើការការពារព្រៃឈើ និងបរិស្ថាន រួមទាំងកិច្ចការសង្គមផ្សេងទៀត ពេលនេះ បានសម្រេចចិត្តចូលរួមជាមួយក្រុមយុវជនសង្គមស៊ីវិល ដែលគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។
លោកសូមសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រោះបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ឱកាសឱ្យលោក ក៏ដូចជាយុវជនសង្គមស៊ីវិលផ្សេងៗទៀតបានបង្កើត អង្គការមាតាធម្មជាតិ ដើម្បីបន្តចូលរួម ការពារព្រៃឈើនិងបរិស្ថាន ក្នុងប្រទេសកម្ពុជា។
លោកបានប្តេជ្ញាថា នឹងសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីគោលនយោបាយការពារព្រៃឈើ និងបរិស្ថានរបស់រាជរដ្ឋាភិបាល និងកៀរគរសកម្មជនមាតាធម្មជាតិដែលតែងតែស្រឡាញ់ និងការពារព្រៃឈើ និងបរិស្ថានពិតប្រាកដបានចូលរួមសកម្មភាពជាឧត្តមប្រយោជន៍ជាតិឱ្យបានស្ថិតស្ថេរនិងគង់វង្ស៕

