ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពានដែកបាឡេ សសរប៉េតុង ឆ្លងកាត់ស្ទឹងអូរសំឡាញ ក្រោយទទួលរងគ្រោះទាំងស្រុងដោយសារជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវាលវែង និងឯកឧត្តម ភួ ពុយ តំណាងរាស្ត្រមណ្ឌលបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានដែកបាឡេ សសរប៉េតុង ១ខ្សែ ដែលមានប្រវែង៤៨ម៉ែត្រ ឆ្លងកាត់ស្ទឹងអូរសំឡាញ ដែលបានសាងសង់ឡើងវិញ ក្រោយទទួលរងគ្រោះទាំងស្រុងដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិអូរតាទិន ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរដែនដីមួយចំនួនទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យមើលអគារសិក្សាដែលមានសភាពចាស់ទ្រុឌទ្រោម តាមការស្នើសុំឱ្យជួយសាងសង់របស់ប្រជាពលរដ្ឋ ព្រមទាំងបន្តចុះពិនិត្យមើលទីតាំងដីបម្រុងទុករបស់រដ្ឋ ក្នុងឃុំក្រពើពីរ ស្រុកវាលវែង ដែលត្រូវបានជនខិលខូចលួចចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ៕
