ទីលានទុកដាក់សំរាម សំណល់រឹង ខេត្តស្វាយរៀង នឹងត្រូវសាងសង់ឡើងលើផ្ទៃដីជាង ៤៦០០០ម៉ត្រការ៉េ

ភ្នំពេញ៖ ខេត្តស្វាយរៀងបង្កើតបាន ទីលានទុកដាក់សំរាម តាមបទដ្ឋានបច្ចេកទេស។ ទីលានទុកដាក់សំរាម សំណល់រឹង ខេត្តស្វាយរៀង ស្ថិតនៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លើផ្ទៃក្រឡា ៤៦២០០ម៉ែត្រការ៉េ ទីលានទុកដាក់សំរាមនេះ អាចប្រើប្រាស់ការគ្រប់គ្រងសំរាម នៅតាមភូមិសាស្រ្តក្រុង-ស្រុក ចំនួន៤ នៃខេត្តស្វាយរៀង រួមមាន៖ ក្រុងស្វាយរៀង ស្រុករំដួល ស្រុកស្វាយទាប និងស្រុកស្វាយជ្រុំ។
សូមបញ្ជាក់ថា ពិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីលានទុកដាក់សំរាម សំណល់រឹង ខេត្តស្វាយរៀង បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.គ.ស. ឯកឧត្តម យឹម សាលីន អគ្គនាយក ស.ទ.ស. លោក សេង សិលា អភិបាលរងខេត្តស្វាយរៀង តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន រដ្ឋបាលក្រុងស្វាយរៀង មន្ទីរបរិស្ថានខេត្តស្វាយរៀង ក្រុមហ៊ុនសាងសង់ និងមន្ត្រី រាជការ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។
ទីលានទុកដាក់សំរាម សំណល់រឹង ខេត្តស្វាយរៀង នឹងសាងសង់ឡើងចំណាយពេល១២ខែ ៕
