ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានអង្គរក្ស ដែលយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនប្រកបដោយការទទួលខុសត្រូវខ្ពស់

ភ្នំពេញ៖ ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានអង្គរក្ស ដែលយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនប្រកបដោយការទទួលខុសត្រូវខ្ពស់។
ឯកឧត្ដមឧត្តមសេនីយ៍ឯក បានលើកឡើងបែបនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៧ បើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៨ និងសម្ពោធអគារបណ្ណាល័យ ០១ ខ្នង ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស នៅខេត្តកំពង់ស្ពឺនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានអង្គរក្ស, មជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនប្រកបដោយការទទួលខុសត្រូវខ្ពស់។
ឧត្តមសេនីយ៍ឯក បានឲ្យដឹងទៀតថា ចំពោះសិក្ខាកាមវគ្គថ្មី សូមព្យាយាមបន្តនូវសកម្មភាព និងស្មារតីរបស់សិក្ខាកាមជំនាន់មុនៗ ដែលបានទទួលជោគជ័យរួចមកហើយ ដោយត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបជញ្ជក់យកទាំងចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងល្អៗពីយោធាចារ្យសម្រាប់ការកសាង និងអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងពេលចំពោះមុខ និងតទៅអនាគត៕
