សម្ដេចតេជោ និងសប្បុរសជន ផ្តល់ថវិកា ១លាន ១០ម៉ឺនដុល្លារ សម្រាប់សង់វត្តនៅរុនតាឯក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច និងសប្បុរសជននានា បានផ្ដល់ថវិកា ១លាន១០ម៉ឺនដុល្លារ សម្រាប់សាងសង់វត្តអារាម នៅតំបន់រុនតាឯក ។
ក្នុងឱកាសបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី២១ តុលា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ សម្រាប់សាងសង់របងវត្តនៅរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សម្តេចតេជោបន្ថែមថា សប្បុរសជនចូលរួមថវិកា ១លានដុល្លារ សម្រាប់សង់វត្តនៅតំបន់អភិវឌ្ឍន៍រុនតាឯក ។
សម្តេចតេជោ បានប្រាប់ពលរដ្ឋត្រូវរើចេញពី តំបន់រមណីយដ្ឋានអង្គរថា បើដីធ្វើមិនទាន់ហើយ ហើយគ្មានអ្នកដឹក កុំចេញ។
សម្តេចតេជោ គូសបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់អ្នកភូមិរុនតាឯក តាមរយៈបណ្ណក្រីក្រមិនធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំនោះទេ ៕
