ឯកឧត្ដម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា តែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា តែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ ។
ឯកឧត្តមមានប្រសាសន៍បែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាលនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ។
ឯកឧត្តម បណ្ឌិត បានឲ្យដឹងទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានតម្កល់ផលប្រយោជន៍របស់ ប្រជាពលរដ្ឋ ជាកត្តាអាទិភាព ចម្បង ហើយតែងនៅបម្រើការពារក្នុងគ្រប់កាលៈទេសៈ ដោយមិនដែលមានពេលម្តងណាបានរត់ចោល និងបោះបង់ប្រជាពលរដ្ឋឡើយ។ ការលះបង់ដ៏ធំធេង នេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការស្រលាញ់ គាំទ្រ និងជឿជាក់លើ សម្តេចតេជោ ជារៀងរហូតមក។

ឯកឧត្តមបន្តថា ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើ គណបក្សប្រជាជនកម្ពុជា នោះសម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើន លូតលាស់ជឿនលឿនទៅមុខ ជាពិសេសបន្តរួមគ្នាកលើកម្ពស់មោទនភាព និងកិត្យានុភាពជាតិឱ្យ កាន់តែខ្ពស់ទ្បើងល្បីល្បាញ លើឆាកអន្តរជាតិ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតបញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជា តែងបានដុសខាត់ខ្លួនជាប់ ជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើ ប្រជាពលរដ្ឋ និងព្យាយាមកែប្រែ និងបំពេញនូវភាព ចន្លោះប្រហោងក្នុងការអនុវត្តការងារទាំងទ្បាយ ដើម្បីធានានូវការស្រលាញ់ពេញចិត្តពីប្រជាពលរដ្ឋ ម្ចាស់ស្រុក ហើយក៏នៅតែបន្តប្រកាន់នូវការអនុវត្ត គោលនយោបាយប្រកបដោយធម៌ តាមរយៈការផ្តល់សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាង ដើម្បីពង្រឹងកម្លាំងសាមគ្គីជាតិខ្មែរឱ្យកាន់តែ មានភាពរឹងមាំ ខ្លាំងក្លា ស្អិតរមួត និងសិ្ថតស្ថេរយូរអង្វែង តរៀងទៅ”៕


