ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់អំណោយជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងស្រុកមង្គលបុរី

ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សាគណ:កម្មការជាតិគ្របគ្រងគ្រោះមហន្តរាយ និងឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញពិនិត្យស្ថានភាព និងចែកអំណោយ របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកសុទ្ធ និងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋចំនួន ១០គ្រួសារដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
នៅក្នុងឱកាសនោះផងដែរ ឧត្ដមសេនីយ៍ទោ សេង ធារិន បានពិនិត្យស្ថានភាពទឹក និងបានណែនាំដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥ ដែលប្រចាំការនៅតំបន់រងគ្រោះ ត្រូវត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ង ជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ដោយសារទឹកភ្លៀងនៅតែបន្តធ្លាក់ចុះ ជាបន្តបន្ទាប់ដែលបន្តលិចលំនៅដ្ឋានប្រជាពលរដ្ឋ ។
ឯកឧត្ដម ង៉ែត ចាន់ថុន បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន តែងតែគិតគួររាល់ការលំបាករបស់ប្រជាពលរដ្ឋ មិនទុកអោយប្រជាពលរដ្ឋលំបាកឡើយ។
ក្នុងឱកាសនោះដែរឯកឧត្ដម ង៉ែត ចាន់ថុន និងឧត្តមសេនីយ៍ សេង ធារិន សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់កំពុងរងគ្រោះ សូមថែរក្សាសុខភាព អនាម័យឱ្យបានជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន៕

