គណៈកម្មការទី៦ នៃរដ្ឋសភាជំរុញឱ្យស្ថាប័នតុលាការ និងអយ្យការខេត្តកំពង់ធំ ពង្រឹងសមត្ថភាពឌីជីថលដល់មន្ត្រីយុត្តិធម៌ បង្កើនការបង្ក្រាបបទល្មើសអនឡាញ

តកំពង់ធំ៖ ស្ថាប័នតុលាការ និងអយ្យការខេត្តកំពង់ធំ បានប្រកាសពីជោគជ័យនៃការដោះស្រាយសំណុំរឿងរួចរាល់រហូតដល់ជាង ៩០% ក្នុងឆ្នាំ២០២៥ កន្លងទៅ។ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានបង្ហាញការពេញចិត្ត និងសាទរចំពោះលទ្ធផលដ៏ល្អប្រសើរនេះ ប៉ុន្តែទន្ទឹមនឹងនោះ ក៏បានផ្តល់អនុសាសន៍ឱ្យពង្រឹងសមត្ថភាពឌីជីថលដល់មន្ត្រីយុត្តិធម៌ ដើម្បីទប់ស្កាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams) ដែលកំពុងរីករាលដាល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
វឌ្ឍនភាព និងការណែនាំសំខាន់ៗទាំងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាការងាររវាង គណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ ជាមួយថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងបេសកកម្មតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយន្តការយុត្តិធម៌នៅថ្នាក់ក្រោមជាតិ។
ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលជម្រាបជូនដោយ ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្ត និង ឯកឧត្តម រស់ សារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបង្ហាញថា ក្នុងឆ្នាំ២០២៥កន្លងទៅ ស្ថាប័នតុលាការខេត្តទទួលបានសំណុំរឿងសរុបចំនួន ១,២៦៦ សំណុំរឿង។ ក្រោមការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីយុត្តិធម៌ ស្ថាប័នតុលាការ និងអយ្យការខេត្ត ដោះស្រាយរួចរាល់បានរហូតដល់ ១,១៤៦ សំណុំរឿង ដែលស្មើនឹងប្រមាណ ៩០,៥% ដោយបច្ចុប្បន្ននៅសល់ត្រឹមតែ ១២០ សំណុំរឿងប៉ុណ្ណោះ ដែលកំពុងបន្តនីតិវិធីដោះស្រាយតាមផ្លូវ ច្បាប់។ ក្រៅពីលទ្ធផលខាងលើ កិច្ចប្រជុំក៏បានផ្តោតការពិភាក្សាលើការងារអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសចម្បងៗចំនួន ៤ ដែលកំពុងកើតមានក្នុងសង្គម រួមមានបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការងារអត្រានុកូលដ្ឋាន។
ទោះបីជាសម្រេចបានលទ្ធផលល្អប្រសើរយ៉ាងណាក្ដី ថ្នាក់ដឹកនាំស្ថាប័នតុលាការខេត្ត ក៏បានលើកឡើងដោយស្មោះត្រង់នូវបញ្ហាប្រឈមចំពោះមុខមួយចំនួន ដែលត្រូវការដំណោះស្រាយ រួមមានភាពខ្វះខាតទីតាំង និងឃ្លាំងដែលមានសុវត្ថិភាពសម្រាប់រក្សាទុកវត្ថុតាងនៃបទល្មើស។ បន្ថែមលើនេះ ការបញ្ជូនដីកាកោះហៅផ្សេងៗតាមរយៈមន្ទីរប្រៃសណីយ៍នៅមានភាពយឺតយ៉ាវ ដែលជាកត្តារាំងស្ទះដល់ល្បឿននៃការចាត់ការ និងការកាត់ក្តីឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
ក្រោយពីបានស្តាប់របាយការណ៍បូកសរុបរួចមក ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីយុត្តិធម៌ខេត្ត។
ជាមួយគ្នានោះ ឯកឧត្តមប្រធានគណៈកម្មការ បានសង្កត់ធ្ងន់ និងផ្តល់ទិសដៅការងារចំពោះមុខ ជាពិសេសលើបទល្មើសបច្ចេកវិទ្យា ដោយបានណែនាំឱ្យស្ថាប័នតុលាការ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនសមត្ថភាពមន្ត្រីយុត្តិធម៌លើផ្នែកឌីជីថល និងបច្ចេកវិទ្យាជាប្រចាំ ដើម្បីបើកចំហកិច្ចសហការឱ្យបានជិតស្និទ្ធ និងទាន់ពេលវេលា ក្នុងការបង្ក្រាបក្រុមជនល្មើសដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតបោកប្រាស់ប្រជាពលរដ្ឋ សំដៅការពារផលប្រយោជន៍ សន្តិសុខហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់សហគមន៍។
ជាការឆ្លើយតប ថ្នាក់ដឹកនាំស្ថាប័នតុលាការ និងអយ្យការខេត្តកំពង់ធំ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តអនុវត្តតាមគោលការណ៍កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបាននូវសមធម៌ តម្លាភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋគ្រប់រូប។
ដំណើរទស្សនកិច្ចការងាររបស់គណៈកម្មការទី៦ នៃរដ្ឋសភានៅពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីតួនាទីយ៉ាងសកម្មរបស់ស្ថាប័ននីតិបញ្ញត្តិ ក្នុងការតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ ដើម្បីធានាថាប្រព័ន្ធយុត្តិធម៌នៅថ្នាក់ក្រោមជាតិត្រូវបានដំណើរការប្រកបដោយតម្លាភាព ក្នុងការការពារសិទ្ធិ សេរីភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំទាំងមូល៕

