ការតវ៉ាបានផ្ទុះឡើងនៅទូទាំងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា ខណៈដែលរដ្ឋធានីមួយនេះ ប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរមិនធ្លាប់មាន

ឡាហាវ៉ាន៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ថា ការតវ៉ាបានផ្ទុះឡើងនៅទូទាំងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា កាលពីយប់ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ខណៈដែលរដ្ឋធានីមួយនេះ ប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរ មិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ ចំពេលមានការបិទផ្លូវនាំចូលប្រេងពីសំណាក់សហរដ្ឋអាមេរិក។
អ្នកខឹងសម្បារជាច្រើន បានចេញមកតាមផ្លូវក្នុងសង្កាត់មួយចំនួន ដោយបិទផ្លូវ ដុតសម្រាម និងស្រែកថាឱ្យបើកភ្លើង ហើយថាពួកគេនឹងរួបរួមគ្នាយកឈ្នះឱ្យបាន។
អ្នកស្រុកម្នាក់និយាយថា គាត់សម្រេចចិត្តតវ៉ា បន្ទាប់ពីសង្កាត់ Playa របស់គាត់ គ្មានអគ្គិសនីប្រើប្រាស់អស់ជាង ៤០ម៉ោង។ មានប៉ូលិសយ៉ាងច្រើននៅកន្លែងនីមួយៗ ហើយកម្លាំងសន្តិសុខនៅចាំសង្កេតមើល ដោយមិនធ្វើអន្តរាគមន៍។ តាម Reuters ការតវ៉ាធ្វើឡើងដោយសន្តិវិធី។
គួរបញ្ជាក់ថា ភាពខ្វះខាត និងការដាច់ភ្លើងនៅក្នុងប្រទេសគុយបា កាន់តែអាក្រក់ទៅៗ ចាប់តាំងពីខែមករា នៅពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថាចង់បំបាត់ការគ្រប់របស់រដ្ឋាភិបាលកុម្មុយនិស្ត និងបានដាក់ទណ្ឌកម្ម ក៏ដូចជាគំរាមកំហែងយកពន្ធលើប្រទេស ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់គុយបា៕

