ប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi

សេអ៊ូល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមករា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រ ទី៩ ខែមករាថាលោក Lee និងលោកស្រី Takaichi នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលមួយ ក្នុងទីក្រុង Nara នៅថ្ងៃទី១៣ ខែមករា រួមជាមួយពិធីលាងសាយភោជន៍ ជាទីដែលមេដឹកនាំទាំង២ត្រូវបានរំពឹងថានឹងពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងពិភពលោក រួមទាំងសេដ្ឋកិច្ច និងបញ្ហាសង្គម។
មេដឹកនាំនៃប្រទេសទាំង២ ក៏នឹងត្រូវចូលរួមព្រឹត្តិការណ៍ការទូតជាមួយគ្នាផងដែរ ហើយលោក Lee នឹងមានជំនួបដាច់ដោយឡែកជាមួយពលរដ្ឋ កូរ៉េខាងត្បូងដែលកំពុងរស់នៅ ក្នុងប្រទេសជប៉ុន៕
