ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ «ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២» ត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ សុមេធ សុមនា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា វិនិយោគិន និងធុរជនមកពីប្រទេសចិន ដើម្បីដាក់បង្ហាញផលិតផលដែលមានគុណភាពជាច្រើនប្រភេទ ចាប់ពីគ្រឿងបរិក្ខារអគ្គិសនី គ្រឿងសង្ហារឹម រហូតដល់ទំនិញប្រើប្រាស់ទូទៅ។
បច្ចុប្បន្ន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោគទុនផ្ទាល់ពីបរទេស (FDI) ធំជាងគេបង្អស់នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ លោកបណ្ឌិត ឈួន សុវណ្ណស័ក្តិ អ្នករៀបចំកម្មវិធី «ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២» ឆ្នាំ២០២៦។
លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ទំហំពាណិជ្ជកម្មក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ សម្រេចបានជាង ៥,៣៨ ពាន់លានដុល្លារអាមេរិក។ មានការកើនឡើងប្រមាណ ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
កំណើនដ៏រឹងមាំនេះ សម្រេចទៅបានតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលផ្ដល់ឱកាសយ៉ាងទូលំទូលាយឱ្យផលិតផលកម្ពុជា អាចជ្រៀតចូលទៅក្នុងទីផ្សារចិន ដែលមានអ្នកប្រើប្រាស់រហូតដល់ ១,៤ ប៊ីលាននាក់។
ការរៀបចំពិព័រណ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណង៖
១. បង្កើនសមត្ថភាពសហគ្រាសក្នុងស្រុក។
២. បង្កើតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។
៣. ស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាលើឆាកអន្តរជាតិ៕

