ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ ក្រោមអធិបធីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកសាលា ប្រធានក្រុមប្រឹក្សានីតិកម្ម លេខាធិការដ្ឋាន គ.ជ.អ.ប. លោក លោកស្រី តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងលោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបជូនថា ការសិក្សានិងការពិនិត្យមើលឡើងវិញនេះ ក្នុងគោលបំណងសំខាន់ៗ មានជាអាទិ៍ប្រមូល សិក្សា និងវិភាគឯកសារគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងតួនាទី និងភារកិច្ចរបស់មន្ត្រីភូមិ, សិក្សា និងវាយតម្លៃតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ដែលមន្ត្រីភូមិ និងក្រុមទ្រទ្រង់សុខភាពភូមិ បាននិងកំពុងបំពេញការងារនៅតាមវិស័យនានាជាក់ស្តែង រួមទាំងការលើកទឹកចិត្ត និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ, និងផ្តល់អនុសាសន៍សម្រាប់ការកែសម្រួល និងធ្វើបច្ចុប្បន្នភាពតួនាទី និងភារកិច្ចរបស់មន្ត្រីភូមិ៕

