អង់គ្លេស ដាក់ទណ្ឌកម្មបន្ថែមទៅលើបុគ្គល និងអង្គភាពចំនួន ១១ ដែលមានទំនាក់ទំនងជាមួយរដ្ឋរុស្ស៊ី

ឡុងដ៍៖ បើយោងតាមការរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃពុធនេះ បានដាក់ទណ្ឌកម្មបន្ថែមទៅលើបុគ្គល និងអង្គភាពចំនួន ១១ ដែលមានទំនាក់ទំនងជាមួយរដ្ឋរុស្ស៊ី ដោយកំណត់គោលដៅលើអ្នកដែលជាប់ពាក់ព័ន្ធនឹងអ្វីដែលខ្លួនហៅថា ជាការប៉ុនប៉ងរបស់ទីក្រុងមូស្គូក្នុងការនិរទេសដោយបង្ខំ និងបំពុលមនោគមវិជ្ជាដល់កុមារអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ ឡាំមី (David Lammy) បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា «គោលនយោបាយរបស់វិមានក្រឹមឡាំងក្នុងការនិរទេសដោយបង្ខំ, ការបំពុលមនោគមវិជ្ជា និងការធ្វើឲ្យកុមារអ៊ុយក្រែនក្លាយជាយោធា គឺជាទង្វើដ៏គួរឲ្យស្អប់ខ្ពើម»។ ភាគីអ៊ុយក្រែនបានអះអាងថា កុមារជាង ១៩,៥០០នាក់ត្រូវបាននាំទៅកាន់ប្រទេសរុស្ស៊ី ឬទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ដោយគ្មានការយល់ព្រមពីគ្រួសារ។
ក្នុងចំណោមអ្នកដែលរងទណ្ឌកម្ម រួមមានអង្គការ Akhmat Kadyrov Foundation ដែលដំណើរការកម្មវិធីអប់រំឡើងវិញសម្រាប់កុមារអ៊ុយក្រែន និងប្រធានរបសអង្គការនេះ គឺលោកស្រី Aymani Nesievna Kadyrova។ ជាការឆ្លើយតប កូនប្រុសរបស់លោកស្រី គឺលោក Ramzan ដែលជាមេដឹកនាំសាធារណរដ្ឋ Chechnya បានចេញមុខការពារម្តាយរបស់លោក ដោយចោទប្រកាន់លោកខាងលិចវិញថា ធ្វើសកម្មភាពចេញពី «ការស្អប់ខ្ពើម និងការរើសអើងប្រឆាំងនឹងរុស្ស៊ី» ហើយថាវាជា «នយោបាយដ៏ស្អុយរលួយ»។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៣ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្នងការសិទ្ធិកុមាររបស់លោក គឺលោកស្រី Maria Lvova-Belova ពាក់ព័ន្ធនឹងការចាប់ពង្រត់កុមារអ៊ុយក្រែន។ ភាគីរុស្ស៊ីបានថ្កោលទោសដីកានោះថាជា «រឿងដ៏គួរឲ្យខឹងសម្បា និងមិនអាចទទួលយកបាន»៕
