នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជម្រុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ត្រូវពង្រឹងត្រួតពិនិត្យជាប់ជាប្រចាំ ចំពោះសកម្មភាពលួចលាក់បង្កប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំ កិច្ចប្រជុំរវាងក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍ របស់នាយករដ្ឋមន្ត្រីស្តីពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសង ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទក្នុងខេត្តរតនគិរី។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ
២០២៥ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធ កិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
កិច្ចប្រជុំមានមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណេីរ ឯកឧត្ដម ប្រធានសាលាដំបូងខេត្ត អភិបាលរងខេត្ត លោកព្រះរាជអាជ្ញារង នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី ប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកទាំង៩ ឃុំសង្កាតុទាំង៥០ និងមន្រ្តីពាក់ព័ន្ធ ចំណុះរដ្ឋបាលសាលាខេត្ត ជាច្រើនរូបទៀត។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍ នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញជា អធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងខេត្តរតនគិរី ដែលជាខេត្តដ៏ឆ្ងាយ និងដាច់ស្រយាលមួយនេះ។
ឯកឧត្តម អភិបាលខេត្តក៏បានរាយការណ៍ជូនអំពីកិច្ច
ខិតខំរបស់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូន ប្រជាពលរដ្ឋ ប្រកបដោយសុខុដុមរមនា និងសម្បូរសប្បាយ។ ដែលសកម្មភាពនេះបានស្តែងឱ្យឃើញពីកិច្ច ខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវតួនាទី ភារកិច្ចដែលបានកំណត់ដោយក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តប្រកប
ដោយស្មារតីអន្តរសកម្មនៃអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់មូលដ្ឋាន។
នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា យោងតាមបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចមក គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្មកម្ម កម្ពុជា (គ ល ក) ត្រូវបិទ និងនិរាករណ៍ អាជ្ញាប័ណ្ណនោះ ដែលជាអាជីវកម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងទូទាំប្រទេស។
ឯកឧត្តមបាន ជម្រុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រុង-ស្រុក និង អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហ
ការគ្នាឲ្យស្អិតរមួត ក្នុងការគ្រប់គ្រងតាមដាន និងការត្រួតពិនិត្យជាប់ជាប្រចាំ ចំពោះរាល់សកម្មភាពលួច
លាក់បង្កប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវតែចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានឲ្យបានទាន់ពេល។ត្រូវពង្រឹងការអនុវត្តច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលត្រូវបានប្រកាសឲ្យប្រើ ដោយហាមឃាត់ដាច់ខាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៅកម្ពុជា។ ហើយក្នុងកិច្ចប្រតិបត្តការបង្ក្រាបល្បែង
ស៊ីសងខុសច្បាប់ ត្រូវរកឲ្យឃើញជនល្មើស និង ជនផ្សំគំនិត ដើមី្បផ្តន្ទាទោសទៅតាមច្បាប់។
ឯកឧត្តមក៏បាន ស្នេីដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ឲ្យបង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងក្របខណ្ឌមូលដ្ឋានរបស់ខ្លួនទាំងមូល ។ត្រូវបន្តជម្រុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរផ្លូវគោកផងដែរ៕

