ភ្នាក់ងារទេសចរណ៍ សហការជាមួយកម្លាំងនគរបាលទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ ប្រគល់សម្ភារជូនភ្ញៀវទេសចរ ដែលភ្លេចនៅរមណីយដ្ឋានអង្គរ

ភ្នំពេញ៖ ភ្នាក់ងារទេសចរណ៍បានចូលរួមសហការជាមួយកម្លាំងនគរបាលទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ ប្រគល់កាបូបស្ពាយ និងសម្ភារមួយចំនួនដល់ភ្ញៀវទេសចរ ដែលបានភ្លេចឬជ្រុះនៅតាមតំបន់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
សម្ភារដែលបានប្រគល់ជូនមានដូចជា ក្នុងកាបូប មានលុយ៤ម៉ឺនរៀល និងខ្សែដៃប្លាទីនមួយខ្សែ។
គួរបញ្ជាក់ថា ជារឿយៗភ្នាក់ងារទេសចរណ៍តែងតែរើសបាននូវសម្ភារឬរបស់របរមួយចំនួនដែលភ្ញៀវទេសចរបានជ្រុះ ឬភ្លេចនៅតាមប្រាសាទនានា។ នៅពេលបានឃើញរបស់ជ្រុះឬភ្លេច ភ្នាក់ងារទេសចរណ៍សហការជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ដើម្បីស្វែងរកម្ចាស់របស់របរទាំងនោះ និងតែងតែបានប្រគល់របស់របរទាំងនោះជូនទៅម្ចាស់ដើមវិញ៕

