ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់

បរទេស៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិក (CENTCOM) ប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់ ដោយបានបាញ់កម្ទេចមីស៊ីល និងដ្រូនជាច្រើនរបស់អ៊ីរ៉ង់។
អាម៉េរិក អះអាងដូចរាល់ដងថា ការវាយប្រហារនេះ គឺដើម្បីការពារខ្លួន និងចោទប្រកាន់ថា នាវាស៊ីវិល និងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន គឺគុយវ៉ែត និងបារ៉ែន បានរងការវាយប្រហារពីអ៊ីរ៉ង់។
សារព័ត៌មាន Al Jazeera ចុះផ្សាយតាមសម្តីកងទ័ពគុយវ៉ែតថា ប្រព័ន្ធការពារដែនអាកាសគុយវ៉ែត បានស្ទាក់ចាប់មីស៊ីល និងដ្រូនដែលហោះចូលទៅក្នុងទឹកដីគុយវ៉ែត ខណៈបារ៉ែនឯណោះ បានពន្លឺស៊ីរ៉ែនប្រកាសអាសន្នឱ្យប្រជាជនខ្លួនប្រុងប្រយ័ត្ន និងការពារខ្លួនពីការវាយប្រហារ។
កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសត្រង់ៗថា ខ្លួនពិតជាបានកំណត់គោលដៅវាយប្រហារទៅលើទីស្នាក់ការកងទ័ពជើងទឹកអាម៉េរិកក្នុងប្រទេសបារ៉ែន និងប្រទេស១ផ្សេងទៀត (គឺគុយវ៉ែត)។
អ៊ីរ៉ង់ក៏មានហេតុផលផ្ទាល់ខ្លួនដែរ ដោយអះអាងថា ការវាយប្រហាររបស់ខ្លួន គឺជាការឆ្លើយតបទៅអាម៉េរិក ដែលបានបាញ់មីស៊ីលតម្រង់ទៅរកឃ្លាំងប្រេងអ៊ីរ៉ង់។
ការវាយប្រហារគ្នាទៅវិញទៅមកនេះ កើតឡើងក្នុងពេលអាម៉េរិក និងអ៊ីរ៉ង់ កំពុងព្យាយាមរៀងៗខ្លួនក្នុងការបង្កើតកិច្ចព្រមព្រៀមសន្តិភាព ឬកិច្ចព្រមព្រៀមលើកទី២ ស្តីពីការបញ្ចប់សង្គ្រាម ប៉ុន្តែ ដៃម្ខាងកាន់ប៊ិក ដៃម្ខាងត្រៀមចុចប៊ូតុងមីស៊ីលគ្រប់ពេល។ តាមពិត ភាគីទាំង២ បានបង្កើតកិច្ចព្រមព្រៀងជាមួយគ្នាលើក១រួចម្តងហើយ ស្តីពីការផ្អាកសង្គ្រាមរយៈពេលខ្លី តែមិនសូវមានប្រសិទ្ធភាពឡើយ៕

