កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពរួម ដែលត្រូវបានឯកភាពដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង កាលពីឆ្នាំមុន។
កិច្ចពិភាក្សាដែលធ្វើឡើងកាលពីថ្ងៃអង្គារ និងថ្ងៃពុធនេះ ផ្តោតសំខាន់លើការទាមទាររបស់ទីក្រុងសេអ៊ូល ក្នុងការសុំសិទ្ធិពង្រីកការចម្រាញ់អ៊ុយរ៉ាញ៉ូម និងការកែច្នៃឥន្ធនៈនុយក្លេអ៊ែរឡើងវិញ ដើម្បីគាំទ្រដល់ផែនការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បញ្ជាក់ថា ការពិភាក្សាពីសិទ្ធិចម្រាញ់ និងកែច្នៃអ៊ុយរ៉ាញ៉ូម គឺធ្វើឡើងក្នុងគោលបំណងស៊ីវិល និងពាណិជ្ជកម្មសុទ្ធសាធ ដោយតម្រូវឱ្យមានការកែប្រែកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានស្រាប់។ ផ្ទុយទៅវិញ គម្រោងសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ នឹងតម្រូវឱ្យមានកិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀត ស្របតាមច្បាប់ថាមពលរបស់សហរដ្ឋអាមេរិក ដោយសារវាពាក់ព័ន្ធនឹងការប្រើប្រាស់សម្ភារៈនុយក្លេអ៊ែរក្នុងវិស័យយោធា។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញការគាំទ្រដល់ដំណើរការចម្រាញ់អ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងសន្តិភាពរបស់កូរ៉េខាងត្បូង ព្រមទាំងបានយល់ព្រមឱ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។ បច្ចុប្បន្ន កូរ៉េខាងត្បូងមានគោលដៅដាក់ឱ្យដំណើរការនាវាមុជទឹកនុយក្លេអ៊ែរដំបូងរបស់ខ្លួននៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ដោយប្រើប្រាស់ឥន្ធនៈអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតទាប និងសាងសង់នៅក្នុងស្រុកផ្ទាល់៕

