ឯកឧត្តមបណ្ឌិត ញឹម ខេមរា អនុញ្ញាតឲ្យកុងស៊ុលកិត្តិយសកម្ពុជាប្រចាំ ទីក្រុងបិនហ្គាលូរូ ប្រទេសឥណ្ឌា ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជំនួបសម្តែងការគួរសមជាមួយ លោក កាធីគ តាឡាំ កុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅទីក្រុង បិនហ្គាលូរូ ប្រទេសឥណ្ឌា នៅទីស្តីការក្រសួង។
ឯកឧត្តមបណ្ឌិត ញឹម ខេមរា បានរំលេចពីចំណងមិត្តភាពកម្ពុជា-ឥណ្ឌា ដែលបានផ្សារភ្ជាប់តាំងពីបុរាណ ក្នុងនោះរួមមានទាំងផ្នែកការទូត ពាណិជ្ជកម្ម និងវប្បធម៌ ដែលកិច្ចសហប្រតិបត្តិការល្អនេះបានបើកឱកាសឱ្យប្រទេសទាំងពីរអាចកសាងទំនុកចិត្ត និងពង្រឹងការតភ្ជាប់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ ដាវីដ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ក៏បានរំលេចពីយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងសមិទ្ធផលនានា។
ភាគីទាំងពីរបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រត្តិបត្តិការរវាងកម្ពុជា និងឥណ្ឌា ក្នុងន័យជំរុញបន្ថែមការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីផលប្រយោជន៍រួម ៕