ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណឡាវ ចំពោះការគាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណ នាយករដ្ឋមន្ត្រីឡាវ ចំពោះការគាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។
នៅក្នុងជំនួបជាមួយ ឯកឧត្តម បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្នុងឳកាសដឹកនាំគណប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ច នៅរដ្ឋធានីវៀងចន្ទន៍ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីឡាវ ចំពោះការគាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ដែលកត្តាចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែងតទៅអនាគត។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានឆ្លៀតយកឱកាសនោះ នាំជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ និងចូលរួមអបអរសាទរចំពោះការភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសឡាវ ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមជាមួយនឹងការអរគុណចំពោះប្រទេសឡាវ និងប្រជាជនឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ៕