សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់

បរទេស៖ កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់ ដែលរងការវាយប្រហារពីអ៉ីរ៉ង់ អំឡុងសង្រ្គាមមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួននឹងអនុញ្ញាតការទិញបច្ចេកវិទ្យាប្រឆាំងយន្តហោះដ្រូន ពីក្រុមហ៊ុនការពារជាតិ Anduril ដែលត្រូវបានបង្កើតឡើងដោយអ្នកគាំទ្រម្នាក់ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ ក្នុងសប្តាហ៍នេះ កូវ៉ែតបានថ្កោលទោសនូវអ្វីដែលខ្លួនហៅថាការឈ្លានពានរបស់អ៉ីរ៉ង់ នៅពេលមានការវាយប្រហារដោយដ្រូន លើអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ដែលបានផ្តាច់ជីវិតមនុស្សម្នាក់ និងបង្កឱ្យរបួស៦៣នាក់ផ្សេងទៀត។ ទីក្រុងតេហេរ៉ង់បានបដិសេធការជាប់ពាក់ព័ន្ធ ហើយអះអាងថា វាជាកំហុសបច្ចេកទេសនៃប្រព័ន្ធមីស៉ីលការពារដែនអាកាសអាមេរិក Patriot។
គួរបញ្ជាក់ថា ការវាយប្រហារទៅមកបានកើតឡើងវិញខ្លះៗរវាងកងកម្លាំងរបស់អាមេរិកនិងអ៉ីរ៉ង់ ស្របពេលដែលការប្រឹងប្រែងចរចាស្វែងរកកិច្ចព្រមព្រៀងសន្តិភាព នៅតែមិនទាន់ទទួលបានលទ្ធផល។
ទោះមានការប៉ះទង្គិចគ្នាឡើងវិញមួយចំនួនក្តី បទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី៨ ខែមេសា ដែលបានផ្អាកជាបណ្តោះអាសន្ន នូវសង្រ្គាមដែលបង្កឡើងដោយការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៉ីស្រាអែលលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ គឺអាចនិយាយបានថា ត្រូវបានរក្សានៅដដែល៕

