ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាបន្តធ្វើការ ជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក

ភ្នំពេញ៖ បេក្ខជនបន្តវេននាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត
ហ៊ុន ម៉ាណែត បានប្តេជ្ញាបន្តធ្វើការ ជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។
នៅក្នុងជំនួបជាមួយ ឯកឧត្តម លីវ ជានឆាវ (LIU JIANCHAO) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ គណបក្សកុម្មុយនីស្តចិន ដែលជានិច្ចជាកាល តែងតែជួយឧបត្តម្ភគាំទ្រដល់គណបក្ស រដ្ឋាភិបាល និងប្រជាជនកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជម្រាបជូនភាគីចិនថា គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសកាន់អំណាច ប្រកាន់ខ្ជាប់ចំពោះគោលនយោបាយចិនតែមួយឥតងាករេ នៅគ្រប់កាលៈទេសៈទាំងអស់។
ឯកឧត្តមបណ្ឌិត ក៏បានប្តេជ្ញាបន្តធ្វើការជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពរួម និងផលប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕

