សម្ដេចតេជោ៖ ការបើកបង្រៀនភាសាវៀតណាម នៅសាលាភូមិន្ទភ្នំពេញ គឺផ្តល់ផលចំណេញសម្រាប់កម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការបើកបង្រៀនភាសាវៀតណាម នៅសាលាភូមិន្ទភ្នំពេញ គឺផ្តល់ផលចំណេញសម្រាប់កម្ពុជា។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី -អឺរ៉ុប ជាង ៣,០០០នាក់
នៅថ្ងៃទី២៣ សីហានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបើកបង្រៀនភាសាវៀតណាមនេះ មិនមែនយកនិស្សិតវៀតណាម មកបង្រៀននៅកម្ពុជានោះទេ គឺដើម្បីជួយសម្រួលសម្រាប់និស្សិតទៅសិក្សានៅវៀតណាម សម្រួលការធ្វើធុរកិច្ច និងបំពេញការងារផ្សេងៗ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសជម្នះការលំបាកក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។
សម្តេចតេជោបានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ ដ្បិតនាំមកនូវវិបត្តិសម្រាប់ការសិក្សា តែ ក៏បានធ្វើឱ្យមានកាលានុវត្តន៍ភាពលើប្រព័ន្ធឌីជីថលផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរដល់គ្រឹះស្ថានសិក្សាទាំងអស់ ដែលបានប្រឹងប្រែងជម្នះការលំបាកពេលមានវិបត្តិជំងឺកូវីដ-១៩ ដោយមិនទុកឱ្យសាលាត្រូវដួល ឬសិស្សបាត់បង់ការអប់រំនោះឡើយ។
សម្តេចតេជោបានថ្លែងថា ការចូលរួមអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» និងការចូលរួមទទួលយកវ៉ាក់សាំង សុទ្ធសឹងជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩។
ការយកឈ្នះលើជំងឺកូវីដ-១៩ បានធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំកម្រិតតំបន់ និងអន្តរជាតិឡើងវិញ កាលពីខែដើមខែសីហា កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់និស្សិតទាំងអស់ ដែលបានប្រឹងប្រែងសិក្សារៀនសូត្រក្នុងដំណាក់កាលដ៏លំបាក នៃការរាតត្បាតជំងឺកូវីដ-១៩។
សម្តេចតេជោបានមានប្រសាសន៍រំលឹកថា ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៩ ការបណ្តុះបណ្តាលនៅកម្ពុជាជួបការលំបាកខ្លាំងណាស់ ក្នុងនោះគ្រូបង្រៀនត្រូវបានជ្រើសរើសអ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្រៀនដោយអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ រហូតដល់យើងមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដល់ពេលបច្ចុប្បន្ននេះ ៕