កងកម្លាំងអន្តរាគមន៍ កងពលតូចអន្តរាគមន៍លេខ៧ កំពុងជួសជុលទំនប់ទឹកដ៍ធំមួយ នៅលើភ្នំដង ដែលត្រូវទឹកភ្លៀងហូរច្រោះ
ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជាផ្ទាល់ និងក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សែប រ៉ាវី មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៧ និង ឯកឧត្ដម ឧត្តមសេនីយ៍ត្រី ឃឹម ឃឿន មេបព្ជាាការ វរសេនាតូចអន្តរាគមន៍លេខ៣៧១ ប្រចាំទិសនៅលើភ្នំខ្មោច បានចុះត្រួតពិនិត្យ ទំនប់ទឹកនៅលើភ្នំខ្មោច និងធ្វើការជួសជុល ដែលមានកំលាំងសរុបចូលរួមចំនួន ១៦៦នាក់។
ក្នុងនោះផងដែលលោកវរ:សេនីយ៍ឯក សែប រ៉ាវី មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ បានបញ្ជាក់ថាដោយសារទឹកភ្លៀងបានបន្តធ្លាក់ចុះខ្លាំង ជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឲ្យទំនប់ទប់ទឹកដ៏ធំមួយកន្លែង នៅលើខ្នងភ្នំដងរែកបានច្រោះបាក់ទាំងស្រុង និងខ្សែផ្លូវមួយចំនួន ក៏បានច្រោះបាក់ជាច្រើនកន្លែងផងដែរ ។
លោកបានបន្តរទៀតថាបច្ចុប្បន្ន កម្លាំងបាននិងកំពុងខិតខំធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីជួសជល់ទប់ទំនប់ទប់ទឹកមួយនេះ នៅលើខ្នងភ្នំដងរែក ដែលទឹកភ្លៀង កំពុងហូរកាត់ពីលើខ្នងទំនប់ បណ្តាលឲ្យច្រោះ អស់ជាច្រើនកន្លែង ដោយកន្លែងខ្លះបាក់ កន្លែងខ្លះ ច្រោះ និងកន្លែងខ្លះទៀត បាក់ដី ។
ជាមួយគ្នានេះ លោកវរ:សេនីយ៍ឯក សែប រ៉ាវី ក៏បានអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងអូរ និងតំបន់ដែលងាយរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចៀសវាងការកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕