មេបញ្ជាការយោធភូមិភាគទី៥ ដឹកនាំកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្តាហ៍ទី៣ ខែសីហា ឆ្នាំ២០២២
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្តាហ៍ទី៣ ខែសីហា ឆ្នាំ២០២២។
កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយ នាយរងការិយាល័យចំណុះទាំង១៩ នាយកសាលាពលទាហានទី៥ នាយកមន្ទីរពេទ្យយោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង មេបញ្ជាការវរសេនាតូច និងមេបញ្ជាការកងអនុសេនាធំចំណុះយោធភូមិភាគទី៥។
ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មានប្រសាសន៍បូកសរុបវាយតម្លៃ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់បណ្តាជំនាញ និងអង្គភាពចំណុះ ដែលសម្រេចបានការងារល្អប្រសើរ ក្នុងសប្តាហ៍កន្លងមកនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់ថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចដើម្បីទទួលបានលទ្ធផលល្អ ត្រៀមលក្ខណទាំងកម្លាំង និងសម្ភារ បច្ចេកទេស ចុះជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ បន្តតាមដានសភាពការណ៍ទឹកជំនន់ បន្តជំរុញការងារអប់រំចិត្តសាស្រ្ត និងបន្តហ្វឹកហ្វឺនប្រចាំសប្តាហ៍ ដល់នាយទាហាន ពលទាហាន ប្រុងប្រៀបបិទវគ្គហ្វឹកហ្វឺននៅសាលាពលទាហានទី៥ រៀបចំការទស្សនកិច្ចសិក្សាឡើងវិញ និងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕