ឯកឧត្ដម ហ៊ុន ម៉ាណែត កោតសរសើរចំពោះសមាគមសិល្បៈវប្បធម៌ខ្មែរ ដែលខិតខំប្រឹងប្រែង ថែរក្សាអភិរក្សសិល្បៈវប្បធម៌ ទំនៀមទំលាប់ប្រពៃណី និងរក្សាអត្តសញ្ញាណជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះសមាគមសិល្បៈវប្បធម៌ខ្មែរ ដែលបានខិតខំ ប្រឹងប្រែង ថែរក្សាអភិរក្សសិល្បៈវប្បធម៌ ទំនៀមទំលាប់ប្រពៃណី និងរក្សាអត្តសញ្ញាណជាតិខ្មែរ។
នៅក្នុងឳកាសអញ្ជើញចូលរួមពិធី ពិសារអាហារសាមគ្គីជាមួយសមាគមសិល្បៈវប្បធម៌ខែ្មរ, សមាគមឱសថស្ថាន (NEXTY PHARM) និងសមាគមគ្រូពេទ្យ មកពីប្រទេសបារាំង និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន ប្រចាំទ្វីប កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះ សមាគមទាំងបី មកពីប្រទេសបារាំង ដែលបានជួយដល់ប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គម និងមនុស្សជាច្រើន រួមមាន៖ ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌, ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ, ការផ្តល់ជំនួយមនុស្សធម៌ជួយ ដល់ជនរងគ្រោះនៃគ្រោះផ្សេងៗ និងជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល ជួយដល់ជនរងគ្រោះក្នុង វិបត្តិនៃជំងឺកូវីដ-១៩។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានកោតសរសើរផងដែរចំពោះសមាគមសិល្បៈវប្បធម៌ខ្មែរ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ថែរក្សាអភិរក្សសិល្បៈវប្បធម៌ ទំនៀមទំលាប់ប្រពៃណី និងរក្សាអត្តសញ្ញាណជាតិខ្មែរ នៅក្នុងប្រទេសបារាំង។
ឯកឧត្ដមបន្ថែមថា កត្តាទាំងនេះ គឺពិតជាបានបង្ហាញអំពីភាពខ្លាំងក្លា នៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តទៅទៀតក្រោម បរិយាកាសសុខសន្តិភាពដែល សម្តេចតេជោ បេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងច្រើនជំនាន់ តរៀងទៅ៕

