រដ្ឋមន្ត្រីអប់រំ ដឹកនាំប្រតិភូអញ្ជើញចូលរួម ពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ នៃការបង្កើតអាស៊ាន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៨ សីហា បានដឹកនាំប្រតិភូអញ្ជើញចូលរួមពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំនៃការបង្កើតអាស៊ាន ដែលប្រព្រឹត្តទៅនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាសហគមន៍អាស៊ាន និងប្រមុខបេសកកម្មការទូតបរទេសនៅរាជធានីភ្នំពេញ។
សូមជម្រាបថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាមានកិត្តិយសដែលបានទទួលតួនាទី ជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញនូវស្មារតីរបស់អាស៊ានផ្អែកលើ ”ការរួបរួមគ្នា” ដើម្បីជ្រោង និងលើកកម្ពស់មជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ានក្នុងសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់៕