មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន

សេអ៊ូល៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃប្រទេសរបស់លោកគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះនៅឯកិច្ចប្រជុំមួយរបស់គណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េ ដែលបានផ្ដើមធ្វើឡើងកាលពីថ្ងៃសៅរ៍ និងបិទបញ្ចប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
លោក គីម បានបន្ទោសសហរដ្ឋអាមេរិកថាអ្នកដែលធ្វើឱ្យការបង្ហូរឈាមនៅក្នុងតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ាកាន់តែអាក្រក់ឡើង។
លោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាកំពុងធ្វើឱ្យស្ថានការណ៍សន្តិសុខនៅលើតំបន់ឧបទ្វីបកូរ៉េ កាន់តែមានគ្រោះថ្នាក់ផងដែរ តាមរយៈការធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សនូវគោលជំហរនុយក្លេអ៊ែររួមគ្នារវាងប្រទេសទាំង២ ដែលលោកយល់ថាមានគោលដៅវាយប្រហារលើកូរ៉េខាងជើង។ ដូច្នេះហើយ លោក គីម យល់ថាការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ និងការអនុវត្តឋានៈជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរគឺជាជម្រើសដ៏ត្រឹមត្រូវ និងជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន៕

