រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ មានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីគណៈអភិបាលរង មេបញ្ជាការកងកម្លាំងទាំងបី មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុកពាក់ព័ន្ធ ប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ពិសេសឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានកន្លងមកក៏បានខិតខំប្រឹងប្រែងយ៉ាងសកម្ម យកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនជនភៀសសឹក ក្រោយសង្គ្រាមឈ្លានពានទាំង២លេីក។ ដោយមានការរៀបចំទីតាំងស្នាក់នៅ សមរម្យ ផ្គត់ផ្គង់ ស្បៀងជូនពួកគាត់ជាប់ជាប្រចាំ។
ឯកឧត្ដមបន្តថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយប្រមុខរាជរដ្ឋាភិបាល តែងតែគិតពីសុខទុក្ខពីបងប្អូនភៀសសឹកគ្រប់ពេលវេលា មិនទុកបងប្អូនចោលឡេីយ។ ក្នុងនោះឯកឧត្តម ក៏បានណែនាំបន្ថែមដល់អាជ្ញាធរខេត្ត ត្រូវបន្តយកចិត្តទុកដាក់ទៅលើសុខទុក្ខ និងការរស់នៅរបស់បងប្អូនភៀសសឹកឱ្យបានជាប់ជាប្រចាំ។
មានរបាយការណ៍សង្ខេបក្នុងកិច្ចប្រជុំឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា ក្រោយពីមានការឈ្លានពានទាំងទីពីរ លើក ជាក់ស្តែងលេីទី២ ដែលមានរយៈពេល២១ថ្ងៃរដ្ឋបាលខេត្ត បានរៀបចំទីតាំងសុវត្ថិភាពជូនបងប្អូនភៀសសឹក ដោយមានការផ្តល់ស្បៀងសម្រាប់ផ្គត់ផ្គង់ស្បៀង រួមនឹងសម្ភារៈផ្សេងៗជាប្រចាំ ព្រមទាំងមានការការពារសន្តិសុខ មានក្រុមគ្រូពេទ្យប្រចាំការ២៤ម៉ោងលេី២៤ម៉ោងនៅតាមមណ្ឌលផងដែរ។
ឯកឧត្ដមបន្តថា ក្រោយមានបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ បងប្អូនភៀសសឹកជាង៣០០០គ្រួសារ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានបាន ដោយសារយោធាថៃ បានធ្វើការរាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយកដីផ្ទះរបស់ពួកគាត់។
ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្តបន្តថា ដោយមានការគិតគូរពីការរស់នៅរបស់បងប្អូនភៀសសឹក ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ក៏បានផ្តល់ដីចំនួន៤០០ហិកតា ជូនដល់រាជរដ្ឋាភិបាលក្នុងការសាងសង់នូវជម្រករឹងមាំ ជូនដល់បងប្អូនជនភៀសសឹកជាង៣០០០គ្រួសារ ស្នាក់នៅបណ្តោះអាសន្ន នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ហើយរដ្ឋាភិបាលក៏បានសម្រួលការចំណាយលើថ្លៃទឹក ភ្លេីងផងដែរ៕

