UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង

UN៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ប្រធានកម្មវិធីរួមរបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) បានសម្តែងការសោកស្ដាយ ចំពោះផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង និងបានជំរុញឱ្យទីក្រុងវ៉ាស៉ីនតោនពិចារណាឡើងវិញ។
លោកស្រី Winnie Byanyima បានប្រាប់សន្និសីទព័ត៌មានរបស់ UN នៅមុនសន្និសីទកម្រិតខ្ពស់ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ យ៉ាងដូច្នេះថា «ការដកជំនួយ ប្រៀបបាននឹងការឆក់យកជីវិត ដកការជួយសង្គ្រោះមនុស្សដែលងាយរងគ្រោះបំផុត។ ដូច្នេះវាជារឿងដ៏សោកសៅ»។
នៅក្នុងការជូនដំណឹងតាមសារអ៉ីមែល ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិក បានសម្រេចចិត្តផ្តួចផ្តើមការដកជាដំណាក់កាលៗ ក្នុងផែនការសង្គ្រោះបន្ទាន់សម្រាប់អាហ្វ្រិកខាងត្បូង បន្ទាប់ពីប្រទេសនេះ បរាជ័យក្នុងការធ្វើឱ្យមានវឌ្ឍនភាពលើសំណើគោលនយោបាយ ពីសំណាក់រដ្ឋបាលលោក ត្រាំ។
គេហទំព័រព័ត៌មាន Semafor របស់អាហ្វ្រិកខាងត្បូង បានរាយការណ៍កាលពីសប្តាហ៍មុន ដោយដកស្រង់សម្តីមន្ត្រីក្រសួងការបរទេស និងមន្រ្តីសភាពីររូប ថាការសម្រេចចិត្តនេះ គឺជាការឆ្លើយតបទៅនឹងភាពបរាជ័យរបស់អាហ្វ្រិកខាងត្បូង ក្នុងការបំពេញការទាមទាររបស់សហរដ្ឋអាមេរិក ដែលចង់ឱ្យកាត់បន្ថយភាពជាដៃគូជាមួយអ៉ីរ៉ង់ បញ្ចប់គោលនយោបាយពង្រឹងសេដ្ឋកិច្ចខ្មៅ និងការនិយាយរើសអើងប្រឆាំងពូជសាសន៍៕
