កម្មវិធីជិះកង់អង្គរលើកទី៤ រៀបចំដោយក្រសួងយុត្តិធម៌ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” និងដើម្បីគាំទ្រ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦

សៀមរាប៖ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងយុត្តិធម៌ ចំពោះការផ្តួចផ្តើមរៀបចំកម្មវិធីជិះកង់អង្គរលើកទី៤ ដែលក្នុងនោះក៏មាន កម្មវិធីដាំដើមឈើ ក្រោមស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីចូលរួមគាំទ្រ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។
កម្មវិធីនេះ មិនត្រឹមតែជាការលើកកម្ពស់សុខភាព និងការរួបរួមសាមគ្គីប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាការរួមចំណែកថែរក្សាបរិស្ថានតាមរយៈការដាំដើមឈើ និងគាំទ្រដល់និរន្តរភាពនៃប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងគ្មានការរើសអើង។
កម្មវិធីជិះកង់សប្បុរសធម៌អង្គរលើកទី៤ នេះ ប្រារព្ធធ្វើនៅបរិវេណនៃកសិណប្រាសាទអង្គរវត្ត និងមានអ្នកចូលរួមប្រមាណ ១ ០០០ នាក់៕

