ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីលើការអនុវត្តជាក់ស្តែង

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីលើការអនុវត្តជាក់ស្តែងស្តីពី «វិធីសាស្រ្តនៃការធ្វើអង្កេតលើការយល់ឃើញរបស់ប្រជាពលរដ្ឋ លើប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ»។
ក្នុងនាមជាអ្នកដឹកនាំយន្តការតាមដានការអនុវត្តការធ្វើអង្កេតការយល់ឃើញរបស់ប្រជាពលរដ្ឋ លើប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ក្រសួងមុខងារសាធារណៈ ឆាប់ៗខាងមុខនេះ នឹងចុះប្រតិបត្តិការធ្វើអង្កេតជាក់ស្តែងនៅគោលដៅរាជធានី-ខេត្តចំនួន៨។
ទន្ទឹមនេះ ដើម្បីធានាដល់ប្រសិទ្ធភាព និងភាពរលូននៃដំណើរការធ្វើអង្កេត នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសដែលនឹងត្រូវចុះប្រតិបត្តិការផ្ទាល់ចំនួន ៨០រូប។
វគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវការណែនាំតម្រង់ទិសពីទស្សនាទាននៃការផ្តល់សេវារដ្ឋបាល ក្រមសីលធម៌ វិជ្ជាជីវៈ និងការបំប៉នសមត្ថភាពទៅលើវិធីសាស្រ្តនៃការធ្វើអង្កេត, វិធីសាស្រ្តនៃការសម្ភាសន៍ដោយផ្អែកលើកម្រងសំណួរពាក់ព័ន្ធនឹងសេវារដ្ឋបាលទាំង១២ (១.សេវាស្នើសុំកែតម្រូវទិន្នន័យ ឬមោឃបញ្ជី ឬដកហូតសំបុត្រអត្រានុកូលដ្ឋាន ២.សេវាស្នើសុំលិខិតឆ្លងដែនថ្មី ៣.សេវាស្នើសុំអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរដំបូង ៤.សេវាស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឡើងវិញដោយសារអស់សុពលភាព ឬជិតអស់សុពលភាព ៥.សេវាការប្រឡងយកបណ្ណបើកបរយានយន្តប្រភេទ គ ឃ និង ង ៦.សេវាចុះបញ្ជីរថយន្ដធុនតូច និងធុនស្រាល ៧.សេវាផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាលក្នុងរាជធានី/ខេត្ត ៨.សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រភេទរថយន្តទេសចរណ៍(រថយន្តគ្រួសារ)ផ្ទុកត្រឹម៤នាក់ ៩.សេវាចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ឬភោគៈ ឬការចុះបញ្ជីអំពីការផ្ទេរចំណែកកម្មសិទ្ធិអវិភាគ ឬចំណែកភោគៈ ១០.សេវាថតចម្លងភាពត្រឹមត្រូវតាមច្បាប់ដើមសញ្ញាបត្របរិញ្ញាបត្រ ១១.សេវាសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង ១២.សេវាធ្វើសំបុត្រកំណើត) និង វិធីសាស្រ្តនៃការប្រើប្រាស់ប្រព័ន្ធ CAPI លើ Tablet និងការអនុវត្តជាក់ស្តែង។
គោលបំណងធំៗចំនួន៣នៃការធ្វើអង្កេតនេះគឺដើម្បី៖ (១).ប្រមូលព័ត៌មាន និងទិន្នន័យពីប្រជាពលរដ្ឋដែលបានប្រើប្រាស់សេវារដ្ឋបាលដែលផ្តល់ដោយក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ (២).កំណត់បន្ទាត់មូលដ្ឋាន(Baseline) និងសូចនាករសមិទ្ធកម្មគន្លឹះ(Key Performance Indicators) សម្រាប់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ (៣).ប្រើប្រាស់លទ្ធផលអង្កេតជាមូលដ្ឋានក្នុងការពង្រឹងសមត្ថភាព និងកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ។
វគ្គបណ្តុះបណ្តាលព្រឹកនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាស់ ប៊ុនថ្ថន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នៅសហសាលសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាគ្រូឧទ្ទេស និងមន្រ្តីជាសិក្ខាកាមសរុបចំនួន ១០៥នាក់។ ហើយវគ្គបណ្តុះបណ្តាលនេះដែរនឹងប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ ចាប់ផ្តើមថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦៕

