រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្តនៃសាលាខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
លោក លី សុវណ្ណារិទ្ធិ បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទីភារៈកិច្ច ប្រកបដោយការទទួលខុស ត្រូវខ្ពស់ជាពិសេសបានចូលរួមក្នុងការការពារបូរណៈភាពទឹកដី, ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការបម្រើ សេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តបន្ទាយមានជ័យ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្លែក វ៉ារី ប្រធានអង្គប្រជុំ បានធ្ធ្វើការកោតសរសើរដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្តទាំងអស់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានខិតខំប្រឹង ប្រែងបំពេញការងារបានយ៉ាងល្អប្រសើរ និងសូមបន្តសកម្មភាពគាំទ្រទៅដល់បងប្អូនកងកម្លាំងប្រដាប់ អាវុធរបស់យើងដែលកំពុងតែឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។
ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា នៅថ្ងៃទី៧នេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានចុះទៅសួរសុខទុក្ខ និងនាំយកនៅអំណោយមួយចំនួន ទៅជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើងដែលនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីជាការលើកទឹកចិត្តទៅដល់កងកម្លាំងប្រដាប់អាវុធរបស់យើង។និងសូម បន្តផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋឱ្យមានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា ដែលកំពុងកើតមានឡើងនៅពេលនេះ។
ឯកឧត្តមបន្ថែមថា ជាពិសេសសូមកោតសរសើរដោយអស់ពីចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ លោក ហ៊ីល រ៉ាយ៉ា អភិបាលរងខេត្ត តែងតែដឹកនូវស្បៀងទៅជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅតាម ខ្សែត្រៀមជួរមុខសឹងតែរៀងរាល់ថ្ងៃ។មួយវិញទៀតប្រមុខរាជរដ្ឋាភិបាលលោកបានយកចិត្តទុកគិតគូរពីសុខទុក្ខរបស់បងប្អូនភៀសសឹក ដែលមិនអាចវិលត្រឡប់ទៅលំនៅឋានវិញ គឺបានឱ្យក្រុមការងារចុះទៅសាងសងផ្ទះស្នាក់នៅជា បណ្តោះអាសន្នជូនពួកគាត់ ដែលស្ថិតឃុំស្លក្រាម ស្រុកស្វាយចេក។ ចំពោះការប្រគល់ផ្ទះជូនពួកគាត់ ធ្វើឡើងដោយ ការចាប់ឆ្នោត យើងបានឱ្យពួកគាត់ចាប់ឆ្នោតដោយផ្ទាល់នៅលើទីតាំងដីផ្ទះតែម្តងដែល ដឹកនាំសម្របសម្រួល ដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត ដែលលោកនៅប្រចាំការនៅទីនោះ៕

