អនុប្រធានទី២ព្រឹទ្ធសភា ជំរុញគម្រោងជួយកុមារជនបទឱ្យចេះភាសាអង់គ្លេសដូចកុមារទីក្រុង

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា តំណាងឯកអគ្គរដ្ឋទូតរាជទូត ជប៉ុន វៀតណាម ឡាវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងភូមិភាគទី៧ បានអញ្ជើញទស្សនាសាលាមត្តេយ្យសហគមន៍ក្រាំងកន្ទ្រោល ស្ថិតនៅឃុំពាម នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់គ្រូស្ម័គ្រចិត្ត ដែលខិតខំបំពេញការងារប្រកបដោយមនសិការ ក្រមសីលធម៌វិជ្ជាជីវៈ និងការអត់ធ្មត់ ព្រមទាំងជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នូវសម្ភារៈសិក្សា និងថវិកាមួយចំនួនផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ក្រៅពីភាសាខ្មែរ ភាសាអង់គ្លេស គឺស្ពានដ៏សំខាន់ក្នុងទំនាក់ទំទង ជាពិសេសក្នុងវិស័យអប់រំ ការសិក្សា ការស្រាវជ្រាវវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងពាណិជ្ជកម្ម ជាដើម។
ឯកឧត្តមបណ្ឌិត បានបង្ហាញបំណង ឆន្ទៈ និងបេសកកម្មក្នុងជីវិត ធ្វើឱ្យខ្មែរជំនាន់ក្រោយចេះភាសាអង់គ្លេសបានទូលំទូលាយទូទាំងប្រទេសនៅត្រឹម២០៥០។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត បានរំលឹកអនុស្សាវរីយ៍ នៃការកសាងមត្តេយ្យសាលាសហគមន៍ ក្រោមការឧបត្ថម្ភគាំទ្រ ពីឯកឧត្តមបណ្ឌិត និងការចូលរួមពីសហគមន៍ផ្ទាល់ កាលពីឆ្នាំ២០១៦-២០១៧ ដែលពេលនោះ ប្រជាសហគមន៍ ទៅធ្វើការនៅរោងចក្រ ហើយគ្មានមត្តេយ្យសាលាសម្រាប់ថែរក្សា និងអប់រំកុមារ៕

