ក្រសួងការបរទេសកម្ពុជា ធ្វើបទបង្ហាញជូនបណ្ដាអង្គទូតនានានៅកម្ពុជា ក្រោយថៃសម្រេចលុប MOU2001 ជាឯកតោភាគី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងការបញ្ចប់ជាឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទាក់ទងនឹងតំបន់ដែនសមុទ្រទាមទារត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU-2001) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០១។
អនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MOU2001) គឺជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងថៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១ ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ដែលមានផ្ទុកធនធានប្រេងកាត និងឧស្ម័នធម្មជាតិយ៉ាងច្រើន។ កិច្ចព្រមព្រៀងនេះកំណត់យន្តការសំខាន់ពីរគឺ ការខណ្ឌសីមាដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នានៃធនធាន។
យ៉ាងណាមិញ ថ្មីៗនេះ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពី MOU2001 ដោយជំហាននេះត្រូវបានឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្តែងការសោកស្តាយ និងបញ្ជាក់ថាវាមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជានោះទេ។
លោកជំទាវរដ្ឋមន្ត្រីស្តីទី ក៏បានធ្វើបច្ចុប្បន្នភាពជូនអង្គទូតអំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ៕

