សកម្មភាពនាវាចរណ៍តាមច្រកសមុទ្រហ័រមូស នៅតែបន្តស្ថិតក្នុងភាពជាប់គាំង

ស្លូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ថា សកម្មភាពនាវាចរណ៍តាមច្រកសមុទ្រហ័រមូស នៅតែបន្តស្ថិតក្នុងភាពជាប់គាំងនៅថ្ងៃចន្ទនេះ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងបញ្ជូនកងទ័ពទៅជួយការពារ និងនាំផ្លូវនាវាឱ្យចាកចេញពីតំបន់ជម្លោះក៏ដោយ។
យោងតាមទិន្នន័យពី MarineTraffic បង្ហាញថា មាននាវាតិចតួចបំផុតដែលបានឆ្លងកាត់ ខណៈក្រុមហ៊ុនដឹកជញ្ជូនធំៗដូចជា Hapag-Lloyd បានបញ្ជាក់ថា ការឆ្លងកាត់នៅតែ «មិនអាចទៅរួច» ដោយសារខ្វះភាពច្បាស់លាស់នៃនីតិវិធីសន្តិសុខ។
សមាគមនាវាចរណ៍អន្តរជាតិ BIMCO បានព្រមានថា បើគ្មានការយល់ព្រមពីភាគីអ៊ីរ៉ង់ទេនោះ វាមិនច្បាស់ឡើយថាតើអាមេរិកអាចធានាសុវត្ថិភាពនាវាបានកម្រិតណា ខណៈដែលនាវាពាណិជ្ជកម្មរាប់រយគ្រឿង និងនាវិកប្រមាណ ២០,០០០នាក់ កំពុងជាប់គាំងក្នុងតំបន់នោះ ដែលអាជ្ញាធរនាវាចរណ៍ចាត់ទុកកម្រិតគ្រោះថ្នាក់ថាស្ថិតក្នុងសភាព «ធ្ងន់ធ្ងរ»។
បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានអះអាងថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីស្តារសេរីភាពនាវាចរណ៍ ប៉ុន្តែក៏នៅតែបន្តវិធានការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដដែល។ ជាការឆ្លើយតប អ៊ីរ៉ង់បានចេញផែនទីថ្មីបង្ហាញពីតំបន់គ្រប់គ្រងរបស់ខ្លួន និងបានបញ្ជាឱ្យនាវាទាំងអស់ត្រូវតែសម្របសម្រួលជាមួយយោធាអ៊ីរ៉ង់ជាមុន ប្រសិនបើចង់ឆ្លងកាត់ ព្រមទាំងព្រមានវាយប្រហារលើកងទ័ពជើងទឹកអាមេរិក ប្រសិនបើហ៊ានចូលក្បែរតំបន់នោះ៕
