សម្តេចធិបតី ណែនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យពង្រឹងការគ្រប់គ្រងកុងតឺន័រ កុំឱ្យមានបញ្ហានាំឱ្យខូចឈ្មោះរបស់ផែ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យពង្រឹងការគ្រប់គ្រងកុងតឺន័រ កុំឱ្យមានបញ្ហាអ្វីមួយនាំឱ្យខូចឈ្មោះរបស់ផែ។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ។
សម្តេចធិបតីបានណែនាំថា ក្រុមហ៊ុនដែលចូលទៅវិនិយោគ នៅតំបន់សេដ្ឋកិច្ច ហើយមិនប៉ះពាល់ដល់បរិស្ថាន គឺមិនចាំស្នើសុំ (EIA) នោះទេ។ តែក្រសួងបរិស្ថាន នៅតែអាចចូលទៅពិនិត្យ បើក្រុមហ៊ុននោះមិនអនុលោមបរិស្ថាន តំបន់សេដ្ឋកិច្ចពិសេសត្រូវតែទទួលខុសត្រូវ។ ការធ្វើបែបនេះ ដើម្បីកាត់បន្ថយភាពត្រួតគ្នាលើការស្នើសុំ (EIA) ។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានណែនាំក្រសួងសាធារណការ និង ដឹកជញ្ជូនក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ ខ្ពស់ក្នុង ការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនេះឱ្យត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាពខ្ពស់ និង បញ្ចៀសឱ្យបាននូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាននៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត៕


