ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស.

ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែមេសា និងទិសដៅអនុវត្តការងារបន្តខែឧសភា ឆ្នាំ២០២៦ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន និងលើកឡើងអំពីបញ្ហាប្រឈម សំណូមពរ និងផែនការការងារអនុវត្តបន្ត។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានដោះស្រាយលើបញ្ហាប្រឈមមួយចំនួន និងផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ត្រូវបន្ដពង្រឹងការអនុវត្ដតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវបង្កើនកិច្ចសហការ និងរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ដើម្បីរួមចំណែកផ្តល់សេវាជូនសមាជិក ប.ស.ស. និងសាធារណជនឱ្យកាន់តែឆាប់រហ័ស ទាន់ពេល និងមានភាពច្បាស់លាស់។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដែលបានខិតខំបំពេញការងារជូនអង្គភាពយ៉ាងសកម្ម និងមានប្រសិទ្ធភាព នាពេលកន្លងមក ជាពិសេសលើការងារផ្ដល់ព័ត៌មាន ការចុះផ្សព្វផ្សាយផ្ទាល់ ការផលិតវីដេអូអប់រំ និងការរចនាខិត្តប័ណ្ណផ្សេងៗ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីរបបសន្តិសុខសង្គម ដល់សមាជិក ប.ស.ស. និងសាធារណជនឱ្យបានទូលំទូលាយ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ប្រមាណជា ២០នាក់៕

