សម្តេចធិបតី៖ ច្បាប់កាតព្វកិច្ចយោធា ក្រោយពេលបញ្ចប់ការហ្វឹកហាត់ អាចទៅបន្តការងារជាធម្មតាក្នុងវិស័យឯកជនវិញ និងក្លាយជាទាហានបម្រុងរហូតដល់អាយុ ៤៥ ឆ្នាំ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធា ចាប់ផ្ដើមអនុវត្តចំពោះពលរដ្ឋអាយុ ១៨ ទៅ ២៥ ឆ្នាំ ក្រោយពេលបញ្ចប់ការហ្វឹកហាត់ ពួកគាត់អាចទៅបន្តការងាររបស់ពួកគាត់ជាធម្មតា ក្នុងវិស័យឯកជននានាវិញ និងក្លាយទៅជាទាហានបម្រុងរហូតដល់អាយុ ៤៥ ឆ្នាំ។
សម្តេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺយករូបមន្តតាមតម្រូវការនៃកងទ័ពជាក់ស្ដែងប្រចាំឆ្នាំ ឧទាហរណ៍ ត្រូវការកម្លាំងកងទ័ព ចំនួន ៣ម៉ឺននាក់ ឬ ៥ម៉ឺននាក់ ដូច្នេះក្នុងចំណោមយុវជនដែលគ្រប់អាយុ១លាននាក់ មិនមែនយកទៅបំពេញក្របខណ្ឌកងទ័ពទាំងអស់នោះទេ គឺត្រូវការត្រឹមតែចំនួនដែលត្រូវការប៉ុណ្ណោះ និងផ្ដល់អាទិភាពចំពោះអ្នកដែលស្ម័គ្រ។
សម្ដេចធិបតីបន្ថែមថា ក្នុងកាលៈទេសៈស្ថានការពិភពលោកមានការប្រែប្រួល បើយើងចង់ការពារសន្ដិភាពរបស់ប្រទេសយើង គឺយើងត្រូវតែខ្លាំងទាំងវិស័យសេដ្ឋកិច្ច និងយោធា ដើម្បីការពារជាតិ ដូច្នេះការដាក់ចេញច្បាប់កាតព្វកិច្ចយោធា គឺយើងតម្រង់ទិសដើរទៅលើគោលដៅនេះ៕

